ឆ្លងចរន្តភ្លើង រថយន្តសាំយ៉ុង១គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង

ខេត្តបាត់ដំបង ៖ រថយន្តសាំយ៉ុងមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ខណៈកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥៥នាទី យប់ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុច ភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើគឺបណ្តាលឲ្យឆេះរថយន្ត០១គ្រឿងទាំងស្រុង ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C.0227 ដែលមានម្ចាស់ឈ្មោះ ទឹម សំ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

បើតាមការលើកឡើងពីម្ចាស់រថយន្ត លោក ទឹម សំ បានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបាន បើកបររថយន្តតែម្នាក់ឯង គោលដៅពីខេត្តប៉ៃលិនឆ្ពោះមកផ្ទះក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះឡើងហើយខ្លួន ក៏បើកទ្វាររថយន្តហក់ចុះតែម្តង។

នៅក្នុងហេតុការណ៍នេះផងដែរ ភ្លាមៗនោះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡានតែប៉ុណ្ណោះ ៕ អត្ថបទ : ព្រាប.ស