រថយន្តស៊េរីទំនើបមួយគ្រឿងឆាបឆេះ ផ្នែកខាងមុខសង្ស័យឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រLX570 មួយគ្រឿងត្រូវអគ្គិភ័យ ឆាបឆេះ ផ្នែកខាងមុខសង្ស័យឆ្លងចរន្តអគ្គិសនី។
យោងតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលា ម៉ោង ១ និង៥០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២នេះ មានករណីអគ្គិភ័យឆាបឆេះ រថយន្ត ស៊េរីទំនើបម៉ាកឡង់គ្រីស័រLX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-8388 ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។សមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយធ្វើអន្តរាគមន៍ ផងដែរ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបខាងលើបើកក្នុងទិសដៅពីកើតទៅលិចដោយអ្នកបើកបរបើកចេញពីហ្រ្គេនភ្នំពេញ លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែ រថយន្តខាងលើមានផ្សែងហុយចេញពីផ្នែកខាងមុខបណ្តាលឱ្យកើតជាអណ្តាតភ្លើងឆាបឆេះតែម្តង ប៉ុន្តែសំណាងល្អហើយអ្នកបើកបររថយន្តមិនរងរបួសនោះទេ។ ក្រោយកើតហេតុប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហើយសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍ ផងដែរ ៕ដោយ៖ តុង សីហា