ក្នុងរយៈពេល១ឆ្នាំ២០២១ ខេត្តសៀមរាប មនុស្ស ៦៣នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៦២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

0

សៀមរាប៖ បើតាមលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋានខេត្ត បានឲ្យដឹងថា នៅឆ្នាំ២០២១ ទូទាំងខេត្តសៀមរាបមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៧០លើក ថយចុះ៤លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ មាន៧៤លើក។

លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងទៀតថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរទាំង ៧០លើកនោះ បានបណ្តាលឱ្យមនុស្សស្លាប់ ៦៣នាក់ ស្រី១០នាក់ របួសធ្ងន់ ៣២នាក់ ស្រី ៤នាក់ របួសស្រាល៣០នាក់ ស្រី៥នាក់ ខូចម៉ូតូ៤៨គ្រឿង រថយន្ត៣៧គ្រឿង គោយន្ត៣គ្រឿង កង់៤គ្រឿង និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៧២ករណី និងមនុស្ស៥នាក់។ ចំពោះមូលហេតុដែលបានឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ មានដូចជា៖ បើកបរក្នុងល្បឿនលឿន៣៣លើក បើកបរមិនប្រកាន់ស្តាំ១១លើក បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់៦លើក បែកកង់និងរេចង្កូតទៅបុកម៉ូតូ១លើកបត់ខ្វះការប្រុងប្រយ័ត្ន២លើក បើកបរឆ្លងផ្លូវខ្វះការប្រយ័ត្ន៧លើក បើកបរគ្រោះថ្នាក់ដោយខ្លួនឯង៣លើក គោយន្តគ្មានភ្លើងបំភ្លឺ២លើកបើកបរក្នុងស្ថានភាពស្រវឹង១លើក បើកក្នុងស្ថានភាពងងុយដេក១លើក ដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន២លើក ចតលើផ្លូវគ្មានស្លាកសញ្ញា១លើក សរុបទៅ៧០លើក។

លោកស្នងការខេត្តបានបង្ហាញនូវក្តីបាម្ភផងដែរពីកត្តាប្រឈមចំពោះឥរិយាបទរបស់បងប្អូនមួយចំនួនក្នុងការបើកបរលើទ្រូងផ្លូវ ពួកគាត់ខ្លះបើកបរក្នុងស្ថានភាពស្រវឹង ខ្វះការយោគយល់ មិនគោរពស្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ជាដើម ដែលទាំងនេះជាហានិភ័យនិងជាហេតុអាចបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា៕