ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃចំនួន ៣៣គ្រួសារ រស់នៅក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពី លោក Andreas G.Flober និងភរិយា ដែលជាសប្បុរសជនជនជាតិអាឡឺម៉ង់ដ៍ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១ដប, ទឹកស៊ីអ៊ីវ ១ដប, សាប៊ូម្សៅ ១កញ្ចប់ និងថវិកា ១ម៉ឹនរៀល។
បើតាមលោក Andreas G. Flober ដែលជាម្ចាស់អំណោយ បានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលនាំយកមកចែកជូនដល់បងប្អូនទាំង ៣៣គ្រួសារនាពេលនេះ មួយផ្នែកបានមកពីមិត្តភក្ររបស់លោកនៅក្រៅប្រទេស ផ្តល់មកតាមរយៈលោក និងមួយផ្នែកទៀតជាថវិកាផ្ទាល់ខ្លួនរបស់លោក និងភរិយា ដើម្បីជួយក្នុងសកម្មភាពមនុស្សធម៌ ចែករំលែកទៅដល់គ្រួសារដែលខ្វះខាតទៅតាមលទ្ឋភាពនៃថវិកាដែលមាន។ កន្លងមកលោកក៍ធ្លាប់បានផ្តល់គ្រឿងឧបភោគបរិភោគ តាមរយៈការសម្របសម្រួលរបស់ព្រះចៅអធិការវត្តមួយចំនួន ដើម្បីនាំយកទៅចែកជូនដល់គ្រួសារខ្វះខាតជាច្រើនលើកមកហើយទាំងនៅក្នុងក្រុង និងជនបទ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ណាំ នឿម មេភូមិគោកត្នោត បានសម្តែងក្តីត្រេកអរជំនួសប្រជាពលរដ្ឋដែលបានទទួលអំណោយពីសប្បុរសជននៅពេលនេះ ព្រោះថាពួកគាត់ទាំង ៣៣គ្រួសារ ពិតជាជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន ដោយសារអ្នកខ្លះបានបាត់បង់ការងារ និងរកការងារមិនបានធ្វើឡើងវិញ បាត់បង់អាជីវកម្ម ខ្វះមុខរបរជាដើម តាំងពីក្នុងអំឡុងពេលជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ ជាង២ឆ្នាំមកម្ល៉េះ។ លោកបានចាត់ទុកការផ្តល់អំណោយនេះ គឺបង្ហាញនូវការផ្តល់ឱ្យគ្នានូវក្តីស្រឡាញ់រាប់អាន ដល់គ្នាទៅវិញទៅមក ក្នុងកាលៈទេសៈដែលយើងទាំងអស់គ្នា កំពុងជួបនូវបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ ។ ក្នុងនោះក៏សូមបងប្អូនទំាងអស់ កុំមានសេចក្តីប្រមាថឡើយជាមួយជំងឺកូវីដ-១៩ ចូលកុំធ្វេសប្រហែសត្រូវប្រុងប្រយ័ត្នបង្ការ ការពារទប់ស្កាត់ទាំងអស់គ្នា និងណែនាំដល់កូនចៅ ឱ្យអនុវត្តបានត្រឹមត្រូវនូវការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាលដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ-១៩៕







































