ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធត្រូវបាន ជនពុំស្គាល់មុខចូលទៅ កាប់ប្រហារជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត រួចបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយសារតែរបួសធ្ងន់ធ្ងរពេក ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 11 និង 30 នាទីយប់ថ្ងៃទី 18 ខែមករា ឆ្នាំ 2022 នៅចំណុចឈ្លេញ ស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខណៈដែលជនរងគ្រោះទាំង២
នាក់ប្ដីប្រពន្ធ កំពុង ដេកលើទូកចាំរបាំងលប របស់ខ្លួន ។
ព័ត៌មានដែលទទួលបានជាបឋមពីសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះ ជាប្តីមានឈ្មោះ អេង ថាអាយុ ៣០ ឆ្នាំ ប្រពន្ធឈ្មោះ អាត់ ស្រីមុំអាយុ ៣១ ឆ្នាំ ពួកគាត់ទាំង២នាក់មានទីលំនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ និងមានមុខរបរធ្វើស្រែនិងនេសាទ ។
នៅយប់ថ្ងៃកើតហេតុ ពួកគាត់ទាំង២នាក់ប្ដីប្រពន្ធ បានទៅដេកចាំរបាំងលប របស់ខ្លួននៅចំណុច កើតហេតុខាងលើ ស្រាប់តែម៉ោងប្រមាណជា 11 យប់ មានជនសង្ស័យ បានចូលទៅកាប់ប្រហារជនរងគ្រោះទាំង២នាក់ ប្ដីប្រពន្ធជាច្រើនកាំបិត រងរបួសជាច្រើនកន្លែងយ៉ាងដំណំ ហើយជនរងដៃដល់ក៏បានរត់គេចខ្លួនបាត់។ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តនិងបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញជាបន្តទៀត ដោយសារតែរបួសធ្ងន់ៗពេក ។
សមត្ថកិច្ចមូលដ្ឋានមិនបានបញ្ជាក់ថាមូលហេតុនៃការកាប់សម្លាប់នេះដោយបញ្ហាបែបណានោះទេ តែកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
ដោយតាមការបញ្ជាក់ពីបុរសម្នាក់ឈ្មោះ អុន ដែលត្រូវជាឪពុក ជនរងគ្រោះបានប្រាប់នៅព្រឹកថ្ងៃទី 19 ខែមករា នេះថាក្រោយការស្រាវជ្រាវសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យ 1 នាក់ ។
ប៉ុន្តែ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសហការជាមួយសមត្ថកិច្ចនគរបាលស្រុកបរិបូណ៌ បានបញ្ជាក់វិញថានៅមិនទាន់ដឹងច្បាស់ថាយ៉ាងណានោះទេកំពុងស្រាវជ្រាវបន្ត៕សុខ គឹមសៀន