ខេត្តសៀមរាប ៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកប្រាសាទបាគង ដោយមានការចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងក្រុមការងាររដ្ឋស្រុកប្រាសាទបាគងផងដែរ។
ក្នុងឱកាសនោះក្រុមការងារ ក៏បានជម្រាបជូនដល់អាជ្ញាធរស្រុកអំពីការងារមួយចំនួនដែលក្រុមការងារកំពុងរៀបចំ គឺការរៀបចំផ្ដល់អាហារូបករណ៍១០០% របស់វិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ខេត្តសៀមរាប ផ្តល់ជូនសិស្សានុសិស្ស និងយុវជន ដែលមានជីវភាពខ្វះខាត និងបោះបង់ការសិក្សា។
ជាមួយនោះលោក សូរ ប្លាតុង បានសម្ដែងសេចក្ដីរីករាយ ចំពោះរាល់សកម្មភាពមនុស្សធម៌ និងសង្គម របស់ក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តសៀមរាប នាពេលនេះ ក៏ដូចជាពេលកន្លងមក។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកប្រាសាទបាគង ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមការងារសង្គម និងមនុស្សធម៌ក្នុងស្រុកប្រាសាទបាគង៕







































