ខេត្តសៀមរាប ៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ដើម្បីធានានូវការគ្រប់គ្រង រដ្ឋបាលខេត្តនឹងដាក់ចេញនូវបទបញ្ជាផាកពិន័យ ព្រោះវាដល់វេលាហើយដែលអាជ្ញាធរខេត្ត នឹងរៀបចំបង្កើតយន្តការរឹតបន្តឹង ឬផាកពិន័យចំពោះបុគ្គលដែលយកសំរាមទៅចោលខុសធុងសំរាម ឬបោះចោលតែផ្តេសតែផ្តាលមិនមានការវេចខ្ចប់ត្រឹមត្រូវ ខុសគោលដៅប្រមូលផ្តុំទុកសំរាម ខណៈពេលដែលក្នុងមួយថ្ងៃជាមធ្យម ក្នុងក្រុងសៀមរាបមានសំរាម និងសំណល់ប្រហែលជា៥០៦តោន ។
លោក ពៅ ពិសិដ្ឋ បន្ថែមថា ក្នុងឆ្នាំ២០២២នេះ អាជ្ញាធរខេត្តបានចាត់ក្រុមការងារបច្ចេកទេសសហការ ជាមួយជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សិក្សា និងកំណត់គោលដៅសម្រាប់ទីលានចាក់សំរាមថ្មីមួយទៀត ដែលមានផ្ទៃដីប្រមាណជា ១០ហិកតាស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដើម្បីរៀបចំជាទីលាន ចាក់សំរាមដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានកម្រិតស្តង់ដារ ដែលអាចបញ្ចៀសបានពីបញ្ហាបរិស្ថាននិងប៉ះពាល់ដល់សុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ។ ដូច្នេះបញ្ហាសំខាន់ គឺត្រូវតែមានការចូលរួមយ៉ាងមោះមុត ពីគ្រប់មជ្ឈដ្ឋានដោយអស់ពីចិត្តពីថ្លើមម ក្នុងការជួយសំអាតឱ្យបានជាប្រចាំនិងជួយពន្យល់អប់រំណែនាំដល់កូនចៅយើង អំពីរបៀបសុខុមាលភាពនៃការរស់នៅដោយគ្មានសំរាម ឱ្យពួកគាត់ចេះវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះចោលផ្តេសផ្តាសតាមទីសាធារណៈទីប្រជុំជនជាដើម៕





































