ក្រុមការងារDWGចុះទស្សនកិច្ចសិក្សាដកស្រង់ភាពជោគជយ័ផ្នែកទឹកស្អាតនិងអនាមយ័ក្នុងមូលដ្ឋាន

0

ខេត្តស្វាយរៀង៖ទឹកស្អាតនិងអនាម័យជនបទ នៅស្រុករមាសហែកខេត្តស្វាយរៀងជាគោលដៅដែលក្រុមការងារ DWGនៅទូទាំងប្រទេសធ្វើការសិក្សារៀនសូត្រដើម្បីយកទៅអនុវត្តនិងចលនាពលរដ្ឋអោយចូលរួមសំដៅលើកកំពស់សុខមាលភាព ខណៈដែលស្រុករមាសហែកត្រូវបានក្រសួងអភិវឌ្ឍនជនបទសម្រេចដាក់ជាស្រុកដែល មានទឹកសុវត្តិភាពប្រើប្រាស់ និងបង្គន់បន្ទោបង់ប្រកបដោយអនាមយ័។
ក្រុមការងារ DWG ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកស្រី ផៃ ចំរើនសមាជិកក្រុមប្រឹក្សាស្រុកនៅថ្ងៃទី ១៧.១៨.១៩ ខែមករាឆ្នាំ ២០២២បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ពីភាពជោគជយ័ របស់ស្រុករមាសហែក ខេត្តស្វាយរៀង លើការងារ ប្រើប្រាស់ទឹកស្អាត និងការងារអនាមយ័ជនបទ ។
លោកស្រីថៃ ចំរើន បានបញ្ជាក់ថា ការដែលក្រុមការងារ DWG ស្រុករលាផ្អៀរមកទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៍រយៈពេល ៣ ថ្ងៃនៅស្រុករមាសហែកនេះ មានគោលបំណងសំខាន់២ជាចំបង គឺផ្ដល់ឱកាសឲ្យក្រុមការងារនិងជនបង្គោលនៅតាមមូលដ្ឋានធ្វើការសិក្សារៀនសូត្រពីរបៀបរបបដឹកនាំរបស់រដ្ឋបាលស្រុកនិងរដ្ឋបាលមូលដ្ឋាន និងស្ដាប់បទពិសោធន៍របស់ពលរដ្ឋនៅតាមមូលដ្ឋានដែលបានចូលរួមអនុវត្តគោលនយោបាយទឹកនិងអនាម័យជនបទដើម្បីទទួលបានបទពិសោធន៍យកទៅអនុវត្តនៅមូលដ្ឋានក្នុងស្រុករលាផ្អៀរអោយបានជោគជយ័ បន្ទាប់ពីស្រុករមាសហែកត្រូវបានក្រសួងអភិវឌឍន៍ជនបទប្រកាសទទួលស្គាល់ជាស្រុកមានប្រើប្រាស់ប្រកបដោយសុវត្ថិភាពនិងលុបបំបាត់ភាពបន្ទោរបង់ពាសវាលពាសកាល។
លោកស៊ូ ម៉ុលអភិបាលស្រុករមាសហែក ក្នុងនាមរដ្ឋបាលខេត្តសូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមការងារ DWGស្រុករលាផ្អៀរ នៃខេត្តកំពង់ឆ្នាំងដែលបានចាត់ទុកស្រុករមាសហែកធ្វើជាស្រុកគំរូហើយបានមកធ្វើទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍នៅពេលនេះ។
លោកបានបញ្ជាក់ថា ភាពជោគជ័យលើកអនាម័យជនបទគឺផ្ដើមចេញពីការដឹកនាំរបស់រដ្ឋបាលស្រុក និងខេត្ត ពិសេសការចូលរួមរបស់ពលរដ្ឋនៅគ្រប់មូលដ្ឋានបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញផែនការសកម្មភាពជាតិនិងផែនការសកម្មភាពខេត្តដើម្បីសម្រេចគោលដៅសហស្សវត្សរ៍កម្ពុជានៅឆ្នាំ២០២៥ លើកកម្ពស់សុខុមាលភាពពលរដ្ឋតាមរយៈប្រើប្រាស់ទឹកមានសុវត្ថិភាពនិងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលដើម្បីកាត់បន្ថយអត្រាចម្លងជំងឺលើមកលើពលរដ្ឋពិសេសកុមារ។
តាមរបាយការណ៍ស្វាគមន៍របស់រដ្ឋបាលស្រុកបានបញ្ជាក់ឲ្យដឹងថាអនុវត្តផែនការសកម្មភាពជាតិលើសកម្ពស់សុខមាលភាពពលរដ្ឋគិតត្រឹមបំណាច់ឆ្នាំ២០២១ពលរដ្ឋនៅស្រុករមាសហែកមានទឹកប្រើប្រាស់ប្រកបដោយសុវត្ថិភាពចំនួន៩២% និងអត្រាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ចំនួន១០០%នៅក្នុងមូលដ្ឋានគ្រប់ឃុំនៃស្រុករមាសហែកខេត្តស្វាយរៀង៕គឹមសេង