បង្គា និងគ្រឿងសមុទ្រជាង៦០០កេះ ជាប់ពាក់ព័ន្ធនឹងបទល្មើស ដែលជំនាញរឹបអូសពីឈ្មួញ ត្រូវធ្វើពិធីដុតកម្ទេចចោល

ខេត្តកំពត ៖ បង្គាដែលចាក់បញ្ចូលសារធាតុចាហួយ ព្រមទាំងគ្រឿងសមុទ្រជាច្រើនមុខ ដែលជំនាញចាត់ទុកជាបទល្មើស ដែលមានទំម្ងន់ជាង១០តោន ដែលអាជ្ញាធរមានសមត្ថកិច្ចឃាត់បង្ក្រាបបានកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ត្រូវធ្វើពិធីដុតកម្ទេច ដោយប្រើគ្រឿងចក្រជីរណ្តៅកប់ចោល កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

លោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានបញ្ជាក់ថា ដោយមានការសម្របសម្រួលនីតិវិធី និងសហការជាមួយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត និងមានការចូលរួមពីជំនាញពាក់ព័ន្ធនានា ក្រោយពីបង្ក្រាបបានបង្គាចាក់បញ្ចូលសារធាតុចាហួយនិងគ្រឿងសមុទ្រដែលល្មើសច្បាប់ សរុប ៦១០ កេះ ត្រូវធ្វើការដុតកម្ទេច រួចកប់ចោលទាំងអស់។លោកបានបន្តថា ចាប់ពីពេលនេះតទៅ រាល់បទល្មើសទាំងឡាយណា ដែលចរាចរតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក លោកនឹងសហការចាប់បង្ក្រាបមិនឱ្យសេសសល់នោះឡើយ ពិសេសបទល្មើសគ្រឿងសមុទ្រដែលដឹកពីប្រទេសជិតខាងនាំចូលមកស្រុកយើង។

សូមបញ្ជាក់ផងដែរថា បង្គាចាក់បញ្ចូលសារធាតុចាហួយ និងគ្រឿងសមុទ្រជាច្រើនមុខ ដឹកតាមរថយន្ត២គ្រឿង ដែលសមត្ថកិច្ចចម្រុះចាប់បង្ក្រាបបានកាលពីជិតម៉ោង១១អធ្រាត ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ក្រោយពីរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ២យប់ ២ថ្ងៃ ត្រូវបានជំនាញជួលកមកមករដឹកទៅដុតចោលនៅដីឡូត៍មួយកន្លែងជិតភ្នំប្រាសាទ ដោយការដុតនេះត្រូវប្រើគ្រឿងចក្រជីករណ្តៅហើយដុតកម្ទេចរួចកប់ចោលតែម្តង។ដោយឡែករថយន្តដឹកជញ្ជូនបទល្មើសត្រូវបានជំនាញពិន័យជាប្រាក់ ហើយធ្វើកិច្ចសន្យា រួចប្រគល់ជូនម្ចាស់វិញនៅថ្ងៃដដែល៕ សេង ណារិទ្ធ