កំពង់ធំៈ ផ្នែករដ្ឋបាលព្រៃឈើស្ទោង រឹតបន្តឹងការអនុវត្តន៍ច្បាប់ ពាក់ព័ន្ឋការលបលួចឈូសឆាយដីព្រៃខុសច្បាប់យកមកធ្វើជាកម្មសិទ្ធិ និងជាការលុបបំបាត់ចោលទាំងស្រុង ប្រពៃណីរុករាន្ទដីព្រៃរបស់រដ្ឋ ក្រោមការបង្អុលបង្ហាញរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
ជាក់ស្តែងជនសង្ស័យចំនួន៤នាក់ ត្រូវបានឃាត់ខ្លួន ខណៈពេលដែលកំពុងតែធ្វើសកម្មភាព ឈូសឆាយដី ព្រៃសហគមន៍ អូច្រាំងសរ ស្ថិតនៅភូមិ ដូនឈូក ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងគ្រឿងចាក់ត្រាក់ទ័រ ចំនួន៣គ្រឿងម៉ាកគូបូតា ពណ៌ ក្រហម និងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង ២.៤០នាទីរសៀល ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៤ វត្ថុតាងទាំងអស់ ត្រូវបាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំការបង្ត្រាប ដោយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ កំលាំងផ្នែករដ្ឋបាលព្រៃឈើស្ទោង តំបន់ប្រតិបត្តិការសឹករង កំពង់ធំ កំលាំងកងរាជអាវុធហត្ថខេត្ត និងសហគមន៍អូច្រាំងសរ ។
លោក ម៉ាក់ កោល ប្រធានសហគមន៍ អូច្រាំងសរ បានឲ្យដឹងថា ក្រុមជនល្មើសមួយក្រុមនេះ ធ្លាប់បានធ្វើសកម្មភាលួចឈូសឆាយដីព្រៃសហគមន៍តាំងពីខែប្រាំងម្តងមកហើយ ក៏ធ្លាប់បានចាប់ម្តងដែរ តែក្រុមនេះ ពុំមានការរាងចាល ព្រមទាំងបានលួចធ្វើសកម្មភាព ឈូសឆាយដីព្រៃសហគមន៍ម្តងទៀត ទើបលោកសម្រេច ប្តឹងមករដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការ ដាច់ខាតជាមួយជនល្មើសទាំងនេះ ដើម្បីការពារផលប្រយោជន៍ រួមរបស់សហគមន៍អូច្រាំងសរ ដែលប្រជាពលរដ្ឋនៅក្នុងសហគមន៍ខិតខំថែរក្សា។
ជនសង្ស័យទាំង៤នាក់ ត្រូវបានគេស្គាល់ឈ្មោះ ទី១មិត្ត រ៉ាត អាយុ ៣០ឆ្នាំ ទី២ ងួន រុំ អាយុ ១៧ឆ្នាំ ទី៣ នួន ជាតិ អាយុ២៥ឆ្នាំ ទី៤ ឈ្មោះ អាត អៀ អាយុ ១៦ឆ្នាំ អ្នកទាំង៤រស់នៅភូមិ អំបែង ឃុំ ត្បែង ស្រុកកំពង់ស្វាយ កំពង់ធំ ព្រមទាំងបានឆ្លើយថា បានស៊ីឈ្នួលឈូសឆាយឲ្យលោក កែន នាម រស់នៅភូមិអំបែង ឃុំ ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងមួយហិចតា ៤០០ដុល្លា ។