ក្រុងប៉ោយប៉ែត៖ លំនៅដ្ឋានពលរដ្ឋចំនួន៣២០គ្រួសារ កំពុងប្រឈមនិងការលិចលង់ដោយសារទឹកជំនន់ ឯចៅហ្វាយក្រុងអះអាងថា មិនទាន់មានវិធានការជម្លៀសពលរដ្ឋនោះទេ ដោយចោទថា លំនៅដ្ឋានជនរងគ្រោះទាំងនោះ គឺជាលំនៅដ្ឋានជួលគេនៅទាំងអស់ ដូចឆ្នេះម្ចាស់ជួលត្រូវប្រឈមមុខជាមួយអាជ្ញាធរ ក្នុងការលិចលង់លំនៅដ្ឋាននោះ ។
សូមបញ្ជាក់ដែលថា រយះពេល៣ថ្ងៃហើយ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤នេះ គឺគេសង្គេតឃើញជំនន់ទឹកភ្លៀង បូកជាមួយទឹកហៀរចេញពីប្រទេសថៃ បានមកលិចលង់ទាំងស្រុងក្នុងលំនៅដ្ឋានពលរដ្ឋ ចំនួន២ភូមិធ្ងន់ធ្ងរ គឺភូមិក្បាលកោះ ចំនួន១២០គ្រួសារ ភូមិប៉ោយប៉ែត៧៥គ្រួសារនិង៧គ្រួសារលិច ទាំងស្រុង ហើយបន្តលិចក្នុងចំណតរថយន្តក្រុង អូរ អេស ភី ទៀតផង ក្រៅពីនោះ គឺលិចសាលារៀនបឋមសិក្សា ព្រហ្មនិមិត្តនិងសាលាប់លិលេយ្យ២ រួមទាំងលំនៅដ្ឋានពលរដ្ឋប៉ែកខាងជើងក្រុងមួយចំនួនទៀតផង។
លោកមេភូមិក្បាលកោះ និងមេភូមិប៉ោយប៉ែតបញ្ជាក់ថា លំនៅដ្ឋានពលរដ្ឋរបស់គាត់នោះ គឺងាយស្រួលបំផុតក្នុងការរងគ្រោះ ដោយទឹកជំនន់ លោកមេភូមិក្បាលកោះបន្តទៀតថា មានភូមិប៉ោយប៉ែតចំនួន២០០ខ្នង កំពុងប្រឈមនិងការលិចលង់ ឯភូមិក្បាលកោះ ចំនួន១២០ខ្នង ក៏កំពុងលិចលង់ផងដែរ ហើយទឹកអាចវាយលុកបន្តទៀតនាពេលខាងមុខនេះ ប៉ុន្តែមានពលរដ្ឋខ្លះ គាត់បានទិញទូក សម្រាប់ជួយសង្គ្រោះក្រុមគ្រួសាររបស់គាត់ដោយខ្លួនឯងទៀតផង ប៉ុន្តែអាជ្ញាធរក៏កំពុងត្រៀមខ្លួនជួយសង្គ្រោះ ពលរដ្ឋផងដែរ បើសិនជាទឹកមិនព្រមដកថយនោះ ។
បើស្តាប់សម្តីរបស់លោកងោ ម៉េងជ្រួងអភិបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកពត៏មានយើងតាមទួរស័ព្ទ ថា ខាងលោកពុំទាន់មានវិធានការជម្លៀសពលរដ្ឋមកទីទួលសុវត្ថិភាពទេ លោកងោ ម៉េងជ្រួង បន្តទៀតថា លោកសំណូមពរដល់ពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័តជាបន្តទៀត ទាក់ទិននិងគ្រោះទឹកជំនន់ដែលកំពុងគំរាមកំហែង
មកលើលំនៅដ្ឋានពលរដ្ឋនោះ លោកបានបញ្ជាក់ថា ខណះពេលនេះ គឺលោកអោយម្ចាស់ដីដែលនៅមាត់អូរព្រំដែនកម្ពុជាថៃ ហើយធ្វើផ្ទះជួលនោះ គឺត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះមុខអាជ្ញាធរ ព្រោះលោកមិនបានអនុញ្ញាតិអោយធ្វើផ្ទះជួលនៅមាត់អូរព្រំដែនឡើយ ឥឡូវទឹកលិចលំនៅដ្ឋានពលរដ្ឋដែលជួលនោះទាំងស្រុងហើយ ហើយម្ចាស់ផ្ទះដែលជួលនោះ ត្រូវទទួលខុសត្រូវទាំងស្រុង ក្នុងការលិចលង់ប្រជាពលរដ្ឋដោយខានមិនបាន៕



































