កាលពីរសៀលថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០១៤ ឯ.ឧ យស់ ឆោមណារ៉ាឌី អនុលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានជួបប្រជុំពិភាក្សាជាមួយ ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត នៅរដ្ឋបាលសាលាខេត្តសៀមរាបលើការងារសិក្សាបន្តប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប លើសំណើសុំគោលការណ៍ សាងសង់គម្រោង SIEM REAP METROPOLIS របស់ក្រុមហ៊ុន ស៊ី អេស៊ា ជីង សេង ឌីវេឡុបមេន ស្ថិតនៅភូមិ ភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។ 
តាមការបញ្ជាក់របស់ឯ.ឧ យស់ ឆោមណារ៉ាឌី បានលើកពីគោលបំណង ស្តីពីក្របខ័ណ្ឌនគរូបនីយកម្ម និង ការជម្រុញអនុម័តប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ស្តាប់មតិរបស់អាជ្ញាធរខេត្ត អំពីសំណើសុំគោលការណ៍សាងសង់គម្រោង SIEM REAP METROPOLIS របស់ក្រុមហ៊ុន ស៊ី អេស៊ា ជីង សេង ឌីវេឡុបមេន ដើមី្បកុំឲ្យគម្រោង នេះ មានផលប៉ះពាល់ដល់តំបន់រមណីយដ្ឋាន ដែលអាជ្ញាធរអប្សរាបានកំណត់ ។
ឯកឧត្តមក៏បានបន្តទៀតថា ការចុះ បំពេញបេសកកម្ម ក្នុងការសិក្សាលើគម្រោងប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដើមី្បឲ្យបានទទួលនូវមូលដ្ឋានគ្រឹះ ផងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានត្រៀមលក្ខណៈរួមសហការជាមួយអាជ្ញាធរខេត្ត និង មន្ទីរជំនាញពាក់ព័ន្ធ ក្នុងការជម្រុញលើការរៀបចំប្លង់គោល ប្រើប្រាស់ដីក្នុងក្រុងសៀមរាប ដើមី្បឲ្យបានសក័្តសមជា ក្រុងប្រវត្តិសាស្ត្រ ។
ម៉្យាងទៀតការសាងសង់អគារ ក៏ជាការលើកនូវសោភណ្ឌភាពក្រុង ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដា បច្ចេកទេស របស់ក្រសួង ទៅតាមរចនាបទរបស់ខ្មែរយើងផងដែរ ។ មានប្រសាសន៍នោះឯ.ឧ ឃឹម ប៊ុនសុង ក៏បានលើកឡើងផងដែរថា ក្រុងសៀមរាបជាតំបន់ប្រវត្តិសាស្ត្រដ៏ សម្ខាន់លើសេវាកម្ម និង ហេដ្ឋារចនាសម្ព័ន្ធលើវិស័យទេសចរណ៍ ក្នុងការបម្រើសេវាកម្មដល់ភ្ញៀវទេសចរណ៍ ។ ដោយ ផ្អែកលើការរីកចម្រើ និង ភាពចាំបាច់របស់ខេត្ត ប្រមុខរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍ បានឧបត្ថម្ភ គាំទ្រដល់ខេត្តសៀមរាប លើការសិក្សារៀបចំប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ។ ឯកឧត្តមបានបន្តទៀតថា សម្រាប់ទិសដៅឆ្នាំ២០២០ ខេត្តមានគម្រោងចំនួន ៣ រួមមាន ផែនការមេរួមសម្រាប់ការអភិវឌ្ឍន៍ដោយនិរន្តភាពក្រុង សៀមរាប ក្រោមជំនួយឧបត្ថម្ភនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន( JICA) និង ផែនការប្លង់ប្រើ ប្រាស់ដីធ្លីសម្រាប់ក្រុងសៀមរាប ក្រោមជំនួយឧបត្ថម្ភនៃអង្គការសេវាកម្មអភិវឌ្ឍន៍ អាល្លឺម៉ង់.ឌីអ៊ីឌី និង ផែនការប្រើ ប្រាស់នូវបទដ្ឋាននគរូបនីយកម្មក្រុងសៀមរាប ដែលត្រូវបានសិក្សា និង ចងក្រងដោយមន្ទីររៀបចំដែនដី នគរូបនីយ កម្ម សំណង់ និង សុរិយោដីខេត្ត និង អាជ្ញាធរអប្សរា ហើយគម្រោងទាំងនេះ នៅពុំទាន់បានការអនុម័តឲ្យអនុវត្តពី រាជរដ្ឋាភិបាលនៅឡើយ ។
ឆ្លងតាមការពិភាក្សាគ្នា ដើមី្បស្វែករកនូវគន្លឹះល្អៗ ក្នុងការអនុវត្តលើការរៀបចំគម្រោងប្លង់គោលប្រើប្រាស់ដី ក្រុងសៀមរាប ព្រមទាំងបានធ្វើការឯកភាព ក្នុងការរៀបចំប្លង់គោលក្រុងសៀមរាប ដោយអង្គប្រជុំបានសម្រេចគាំទ្រ រៀបចំប្លង់គោលក្រុងផងដែរ ។ មានប្រសាសន៍នោះដែរឯ.ឧ ឃឹម ប៊ុនសុង ក៏បានធ្វើការគាំទ្រតាមស្មារតីនៃកិច្ចប្រជុំពិភាក្សាបានសម្រេច និង បានលើកនូវសំណូមពរដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ជួយបញ្ចុះនូវមន្ត្រីបច្ចេកទេសរបស់ ខ្លួន ដើមី្បជួយផ្នែកបច្ចេកទេស លើការរៀបចំគម្រោងប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ។
ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្នទំហំនៃការពង្រីកក្រុងសៀមរាប មានបរិមាណតូចចង្អៀត ព្រមទាំងមានការប៉ះពាល់តំបន់អាជ្ញាធរអប្សរា ហើយ រាល់សំណង់មិនអាចសាងសង់បានអគារខ្ពស់ៗនោះឡើយ ដែលធ្វើប៉ះពាល់ដល់តំបន់ប្រាសាទបុរាណ ។ ដោយកត្តានេះហើយបានធ្វើអ្នកវិនិយោគ ក្នុងនឹងក្រៅប្រទេសមួយចំនួន មិនបានមកបណ្តាក់ទុនវិនិយោគនៅខេត្តសៀមរាប។



































