ឆេះកុដិព្រះសង្ឃទាំងព្រឹក ពេលព្រះសង្ឃចេញនិមន្តបិណ្ឌបាត

ខេត្តបាត់ដំបង ៖ កុដិព្រះសង្ឃមួយខ្នង ដែលសង់ឡើងអំពីថ្ម ត្រូវបានអគ្គីភ័យឆាបឆេះទាំងព្រឹកគ្មានសល់ ខណ:ដែលព្រះសង្ឃដែលគង់នៅក្នុងកុដិនេះ បាននិមន្តចេញទៅបិណ្ឌបាតនៅក្រៅទីអារាមអស់។

ហេតុការណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើង នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៩ និង ៣០នាទីព្រឹក ស្ថិតនៅក្នុងវត្តអំពិលប្រាំដើម ក្នុងភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យ ដែលបានកើតឡើងចំនួន ១លើកនេះ គឺ បណ្តាលឲ្យឆេះកុដិលោក០១បន្ទប់(ឆេះទាំងស្រុង) ទំហំ ៣.៥មx៥ម ធ្វើពីថ្ម ជញ្ជាំងឥដ្ឋ ដំបូលចាក់ប្លង់សេ របស់ព្រះសង្ឃព្រះនាម ជិន ទៀង ព្រះជន្ម ៥០វស្សា គង់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

ក្រោយពេលពិនិត្យ និងសិក្សារួចមក សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ព្រះសង្ឃមិននៅ និមន្តបិណ្ឌបាត)។

សម្ភារខូចខាតបើសរុបជាទឹកប្រាក់អស់ប្រមាណ ៣.០០០.០០០ រៀល (បីលានរៀល) ដោយភ្លាមៗនោះដែរ រថយន្តពន្លត់អគ្គិភ័យ បានចេញប្រតិបត្តិការ ពន្លត់មិនឲ្យឆេះរាលដាលបន្ត៕ អត្ថបទ: ព្រាប.ស