សៀមរាប៖ សៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល«កម្រិតបឋមវិជ្ជាជីវៈនគរបាល»
ជូនដល់សិស្សនគរបាល នគរបាលក្របខ័ណ្ឌថ្មី ចំនួន២០០នាក់ ស្រី៣៤នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែន មានប្រសាន៍ថា នេះគឺជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏សំខាន់មួយ និងចាំបាច់បំផុតនៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនៗពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ។ សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សាបាននោះ លុះត្រាតែសិក្សាទទួលបានជោគជ័យ និងអនុវត្តតាមនីតិវិធីជាធរមាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូប គឺត្រូវចូលរួមអនុវត្តតាមវិធានការសុវត្ថិភាព ៣កុំនិង៣ការពារ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រហ្វឹកហាត់ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី នឹងការអនុវត្តជាក់ស្តែង ត្រូវមានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន នឹងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់ » «គុណភាពមិនអាចសម្របសម្រួលបានឡើយ» អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា នឹងមិនត្រូវបានផ្តល់វិញ្ញាបនបត្រជូនទេ នៅពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំ ផ្តល់ជំនឿទុកចិត្តមកលើខ្លួន៕





































