ខេត្តបាត់ដំបង: យុវជនចំនួន២នាក់ ដែលកំពុងធ្វើដំណើរតាមម៉ូតូរបស់ខ្លួន បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត បន្ទាប់ពីត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកមកបុកទាំងកម្រោលរួចបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងរវាងរថយន្តមិនស្គាល់ម៉ាកនិងម៉ូតូឌ្រីមមួយគ្រឿង បណ្តាលអោយភាគីម៉ូតូស្លាប់២នាក់ភ្លាមៗ គឺនៅវេលាម៉ោង១ និង ០៥នាទី រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម៥ ភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចអោយដឹងថាជនរងគ្រោះជិះម៉ូតូដែលស្លាប់ទាំង០២នាក់នោះមានឈ្មោះ ហួត ឆនប៉ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពោធ៏១ ឃុំគា ស្រុកមោងឫស្សី ជាអ្នកបើកម៉ូតូ និង ឈ្មោះ ឆូត ប៊ុនឡេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា។
សាក្សីបានអោយដឹងថា មុនដំបូងជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ ស្លាកលេខ1AB -0747 លុះមកដល់ចំណុចកើតហេតុខាងលើត្រូវបានរថយន្តមិនស្គាល់ម៉ាក បានបុកពេញទំហឹងពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងរួចរថយន្តនោះបានបន្តបើករត់គេចបាត់ស្រមោល។
បច្ចុប្បន្ន ម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសង្កែដើម្បីបន្តស្រាវជ្រាវរករថយន្តបង្កហេតុមកដោះស្រាយតាមច្បាប់ចំណែក សព ជនរងគ្រោះទាំងពីរក៏បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យហើយ ៕ អត្ថបទ : ព្រាប.ស





































