សង្ស័យកើតជំងឺបាក់ទឹកចិត្ត យុវជនម្នាក់សម្រេចយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង

សៀមរាប៖ យុវជនម្នាក់ដែលក្រុមគ្រួសារអះអាងថា មានជំងឺបាក់ទឹកចិត្ត បានប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង កាលពីវេលាម៉ោង ២០ និង ៥០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅចំនុចក្នុងប៊ូទិចមួយកន្លែង ឈ្មោះ គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមការបំភ្លឺ របស់ឈ្មោះ ប្រាក់ សារិន ដែលត្រូវជាឳពុកជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ និស្សិត នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ នៅមុនពេលកើតហេតុ វេលាម៉ោង ១៩ និង ០០នាទី ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះកំពុងហូបចុកជុំគ្នាជាមួយក្រុមគ្រួសារ នៅប៊ូទិច គ្រីសណាវីឡា។ លុះរហូតដល់វេលាម៉ោងកើតហេតុស្រាប់តែជនរងគ្រោះ បានយកកាំភ្លើងខ្លី ម៉ាក G-Lock17 ដែលជារបស់ឈ្មោះ រតនា ហៅ ខ្លា៩ ភេទប្រុស ជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានទុកចោលនៅលើកៅអីអង្គុយក្បែរជនរងគ្រោះ ហើយចេញទៅទិញម្ហូបនៅខាងក្រៅបាត់។ ភ្លាមនោះជនរងគ្រោះ ក៏បានយកកាំភ្លើងខ្លីនោះ អាមេបញ្ចូលគ្រាប់ ហើយបានបាញ់ក្បាលខ្លួនឯងផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

លោកបន្តថា នៅកំឡុងដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីម្ដាយក្មេករបស់ខ្លួនបានទទួលមរណៈភាព កូនប្រុសរបស់ខ្លួនឈ្មោះ រស់ សៀវលាង (ជនរងគ្រោះ) ក៏ចាប់ផ្ដើមមានអាការៈប្លែកៗ ដោយការនិយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្ត ហើយធ្លាប់និយាយរកសម្លាប់ខ្លួន ពីរដងរួចមកហើយ ដោយឃើញបែបនេះទើបក្រុមគ្រួសារបាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំរំងាប់អារម្មណ៍ជាប្រចាំថ្ងៃ។

ឆ្លងតាមការបំភ្លឺរបស់ក្រុមគ្រួសារ និងការធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានបាញ់សម្លាប់ខ្លួនប្រាកដមែន ដោយពុំមែនជាករណីខាតកម្មឡើង៕