សៀមរាប៖ លោក ពិន ប្រាកដ អភិបាលរងខេត្ត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្នងការរងនគរបាលខេត្ត អាជ្ញាធរស្រុក មនី្ទរអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញ និងម្ចាស់ទីតាំងអាជីវកម្ម។
ប្រតិបត្តិការនេះក្រុមការងារ បានធ្វើការចុះពិនិត្យចំនួន ០២ទីតាំង ដែលស្ថិតនៅភូមិស្រែធ្នង់ ឃុំដំដែក និងស្ថិតនៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម។ បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមក ក្រុមការងារចម្រុះបានណែនាំដល់ម្ចាស់អាជីវកម្ម មានដូចខាងក្រោម៖
១.ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានណែនាំដល់ម្ចាស់អាជីវកម្មឱ្យអនុវត្តបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេស ដែលមានក្នុងអាជ្ញាបណ្ណកំណត់ និងណែនាំឱ្យម្ចាស់អាជីវកម្មមួយចំនួនដែលផុតសុពលភាពអាជ្ញាបណ្ណរៀបចំស្នើសុំបន្តអាជ្ញាបណ្ណ និងត្រូវគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
២.អប់រំ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗដល់អាជីវករ ឱ្យគោរពតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងដឹកជញ្ជូន ត្រូវគ្រប់ឱ្យបានត្រឹមត្រូវ មិនត្រូវដឹកលើសទម្ងន់ និងបើកបរលើសល្បឿនកំណត់ និងណែនាំក្រុមហ៊ុនឱ្យដាំដើមឈើ លើកទំនប់ និងធ្វើរបងព័ទ្ធជុំរណ្តៅ ដើម្បីការពារមនុស្ស និងសត្វពាហនៈ។
៣.ត្រួតពិនិត្យការធ្វើអាជីវកម្មធនធានរ៉ែ ដែលពុំមានអាជ្ញាបណ្ណ និងមានអាជ្ញាបណ្ណតែធ្វើខុសលក្ខណះបច្ចេកទេស ដោយធ្វើការចុះបិទ និងអនុវត្តតាមនីតិវិធីច្បាប់។





































