ខេត្តតាកែវ ៖ រោងចក្រដេរអាវពោងសម្រាប់ហែលទឹកនិងដេរកាបូបមួយកន្លែងនៅស្រុកត្រាំកក់ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញខូចខាតអស់សម្ភារៈយ៉ាងសំបើម ខណៈរថយន្តពន្លត់អគ្គីភ័យខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកំពតមកជួយបាញ់ទឹកពន្លតអស់ប្រមាណ៦០រថយន្ត ទើបរលត់អស់។
អគ្គីភ័យឆាបឆេះរោងចក្រនេះបានកើតឡើងនៅចំណុចខាងកើតផ្លូវជាតិលេខ៣ក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ វេលាម៉ោង១១នឹង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ខណ:ពេលដែលកម្មករ កម្មការីនី ដល់ម៉ោងសម្រាកចេញមកហូបបាយ។ តាមសម្តីកម្មកររោងចក្របម្រើការក្នុងក្រុមហ៊ុននេះឲ្យដឹងថា រោងចក្រនេះ ដេរកាបូបយួនិងអាវពោងសម្រាប់ពាក់ហែលទឹកនិងមានថៅកែជាជនជាតិចិនអ្នកគ្រប់គ្រង ហើយមានកម្មករ កម្មការិនីសរុបចំនួន១៣៩៦នាក់ ស្រី១១២២នាក់។ ពួកគាត់បន្តទៀតថានៅពេលបងប្អូនយើងកំពុងតែហូបបាយខាងក្រៅរោងចក្រស្រាប់តែមានការឆោឡោឡើងនិងឃើញផ្សែងខ្មៅខ្មួលខ្មាញ់ឆេះចេះពីកន្លែងដាក់សម្ភារៈពីខាងត្បូង។ ឆេះជិតកន្លះម៉ោងទើបមានឡានទឹកទៅជួយបាញ់ពន្លត់តែដោយសារក្នុងរោងចក្រ មានសម្ភារៈសុទ្ធតែជាតិស្នោនិងជ័រនោះទើបធ្វើឲ្យអណ្តាតភ្លើងឆាបឆេះយ៉ាងឆាប់រហ័ស។
ករណីអគ្គីភ័យនេះដែរ លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បញ្ជាក់ថា មកដល់ម៉ោងជិត១៦នេះ ស្ថានការណ៍បានធូរស្រាលដោយអាជ្ញាធរគ្រប់គ្រងអគ្គីភ័យនេះបានទាំងស្រុង ក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ប្រហែល៦០រថយន្តក្នុងការទប់ស្កាត់។ ចំពោះទំហ៊ុំនៃការខាត់បង់គឹតជាថវិកា លោកអភិបាលរងស្រុកមិនបានបញ្ជាក់ទេ គ្រាន់តែប្រាប់ថា មិនមានកម្មករ កម្មការិនីណាម្នាក់រងគ្រោះក្នុងហេតុការណ៍នេះទេ៕ ពូស៊្មីត





































