ខេត្តបាត់ដំបង: គ្រាប់កាំភ្លើងធុនធ្ងន់១គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងយកមកប្រគល់អោយសមត្ថកិច្ច ខណ:ដែលពួកគាត់កំពុងភ្ជួរស្រែ ស្រាប់តែប៉ះធ្វើអោយគ្រាប់នេះអណ្តែតឡើងមកលើ។
ការប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់នេះ គឺនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០ ព្រឹក ត្រង់
ចំណុចភូមិម៉ាក់ឃ្លី ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា នៅមុនពេលប្រទះឃើញនោះ មានប្រជាពលរដ្ឌ ឈ្មោះ ប្រាក់ ឆោម ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ បានភ្ជួរស្រែក្នុងដីរបស់គាត់ ហើយក៏បានប្រទះឃើញគ្រាប់នេះកប់ក្នុងដីក្បែដំបូក គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍អោយចុះទៅពិនិត្យ។
លោកអធិការបានបន្ថែមថា គ្រាប់នេះគឺជាប្រភេទគ្រាប់ ធុន ៨០ មីល្លីម៉ែត្រ ដែលសេសសល់ពីសម័យសង្គ្រាម ដោយ បច្ចុប្បន្ន បានយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាល រដ្ឌបាល ព្រៃខ្ពស់ជាបណ្តោះអាសន្ន រង់ចាំប្រគល់ទៅអោយអង្គភាពស៊ីម៉ាក់ យកទៅកម្ទេចចោល បើទោះបីជាយើងមើលនឹងភ្នែកឃើញថា វាខូចគុណភាពក៏ដោយ ក៏យើងទាំងអស់គ្នា ពិសេសបងប្អូនប្រជាពលរដ្ឋ មិនត្រូវទុកចិត្តដាច់ខាត ៕ អត្ថបទ : ព្រាប.ស




































