នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ២៥ នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ នៅចំណុចខាងត្បូងរង្វង់មូលទីរួមស្រុកប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង បង្ករឡើងរវាងម៉ូតូឌ្រីម និងម៉ូតូហ្សូម័រ បណ្ដាលឱ្យរងរបួសធ្ងន់ ចំនួន ៣នាក់ ប្រុស និងខូចម៉ូតូ ២គ្រឿង ។
អ្នកបើកបរម៉ូតូឌ្រីមឈ្មោះ ឈិន សំអាត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ មុខរបរ កសិករ បើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ព្រះវិហារ 1E -3569 រងរបួសធ្ងន់ត្រង់ក្បាល និងដើមទ្រូង ។
អ្នកបើកបរម៉ូតូហ្សូម័រ ឈ្មោះ ម៉ៅ ចាន់អឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកណ្តាលលើ ឃុំ-ស្រុកអន្លង់វែង មុខរបរ កសិករ បើកបរម៉ូតូម៉ាក Zoomer X ពណ៍ស + ទឹកក្រូច សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ សៀមរាប 1AC -7753 រងរបួសធ្ងន់ត្រង់ក្បាល និងបាក់ជើងខាងស្តាំ និងអ្នករួមដំណើរម្នាក់ ឈ្មោះ អ៊ុំ ហឿន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកជាមួយគ្នា មុខរបរ កសិករ រងរបួសធ្ងន់ត្រង់ក្បាល ។
មូលហេតុនៃគ្រោះថ្នាក់ចរាចណ៍ខាងលើ បណ្ដាលមកពី អ្នកបើកបរម៉ូតូហ្សូម័រ បត់ឆ្វេងដោយមិនប្រុងប្រយ័ត្ន ។
បច្ចុប្បន្ន វត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ:ចាន់ ធី





































