ខេត្តបាត់ដំបង: នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង មានរៀបចំពិធីយ៉ាងឱឡារិកមួយ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០២២ នេះ
នៅក្នុងពិធីនេះគេសង្គេតឃើញមានបដាព្រោងព្រាតដែលបង្កប់នូវខ្លឹមសារ អបអរសាទរក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤)។
បន្ទាប់ពីឯកឧត្តម អភិបាលខេត្តបានថ្លែងសន្តរកថាស្តីពីការខិតខំប្រឹងប្រែង និងចូលរួមយកចិត្តទុកដាក់ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងការថែរក្សាអនាម័យ និងសោភ័ណភាពទីក្រុងបានល្អ ទើបធ្វើអោយមុខមាត់ខេត្តបាត់ដំបង មានកិត្តិយសទទួលបាននូវចំណាត់ថ្នាក់ល្អប្រសើរ និងទទួលបានពានជ័យលាភី ទីក្រុងស្អាតរបស់អាស៊ានដែលក្នុងនោះមានខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។
ក្រោយពីបញ្ចប់នូវកម្មវិធី សមាជិក សមាជិកាទាំងអស់បាននាំគ្នាចូលរួមដង្ហែពានយ៉ាងគគ្រឹកគគ្រេងជុំវិញក្រុងបាត់ដំបង ដែលពិធីនេះអមដោយគ្រឿងបំពងសម្លេងយ៉ាងកងរំពង និងសប្បាយខ្ញៀវខ្ញាផងដែរ៕ អត្ថបទ : ព្រាប.ស




































