រកឃើញក្បាលគ្រាប់ដេកា៨២នៅកណ្តាលក្រុងតម្រូវអោយស៊ីម៉ាក់ កម្ទេចចោលនៅនឹងកន្លែង

ខេត្តបាត់ដំបង ៖ ក្បាលរបស់គ្រាប់ទំហំ ៨២ មីល្លីម៉ែត្រ ១ គ្រាប់ ត្រូវបានគេប្រទះឃើញកប់នៅក្នុងដី ដែលចាំបាច់អោយក្រុមសុីម៉ាក់ចុះកម្ទេចនៅនឹងកន្លែង ខណ:ដែលក្រុមបច្ចេកទេសចុះរាវទីតាំងសម្រាប់សាងសង់អគារសិក្សាថ្មី។

ការកម្ទេចក្បាលផ្ទុះនេះបានធ្វើឡើង  នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២  វេលាម៉ោង ២ រសៀល នៅក្នុងបរិវេណសាលាបឋមសិក្សាវត្ត កំផែង ស្ថិតនៅក្នុងភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

គួរបញ្ជាក់ថា នៅក្នុងទីតាំងខាងលើ ត្រូវបានរៀបចំសាងសង់អគារសិក្សាថ្មី ដូច្នេះហើយទើបតម្រូវអោយក្រុមបច្ចេកទេសរបស់អង្គភាពសុីម៉ាក់ចុះរាវរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏ បានប្រទះឃើញក្បាលផ្ទុះ ប្រភេទ ( UXO ) ចំនួន ១ គ្រាប់ ដែលជាប្រភេទក្បាលគ្រាប់ ដេកា ៨២ មីល្លីម៉ែត្រ។

ក្រោយពីបានប្រទះឃើញ និង មិនអាចលើកចេញបាន ទើបស្នើសុំធ្វើការកំទេចនៅនឹងកន្លែង តែម្តង ជៀសវាងការបង្កគ្រោះណាមួយជាយថាហេតុ ដោយសារតែក្បាលផ្ទុះនេះនៅមានអនុភាពសម្លាប់មនុស្សបាន ៕ អត្ថបទ : ព្រាប.ស