ភ្នំពេញ ៖ បុរសម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេងហ្គេមនៅលើម៉ូតូដែលចតចោលនៅក្បែរចិញ្ចើមផ្លូវត្រូវបានរថយន្តយីឌុបកង់១០ ដឹកខ្សាច់មួយគ្រឿងបើកជ្រុលចង្កូតមកបុកម៉ូតូរបស់គាត់ ប៉ុន្តែសំណាងល្អដោយសារគាត់ក្រឡេកឃើញទាន់ក៏បានលោតចេញពីម៉ូតូបណ្តាលឱ្យរបួស
តិចតួច ចំណែកម៉ូតូដួលកៀបក្រោមរថយន្តរងការខូចខាត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ ថ្ងៃទី៣ កញ្ញា ២០១៤នៅចំណុចមុខក្លោងទ្វារចូលវត្តអង្គពោធិញាណតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បុរសរងគ្រោះ មានឈ្មោះ យ៉ត ពៅ អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបររត់ម៉ូតូឌុប ហើយម៉ូតូជនរងគ្រោះម៉ាកសង់កូរេ ពណ៌ក្រហម ។
ប្រភពព័ត៌មានពីបុរសរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានអង្គុយលើម៉ូតូដែលចតក្បែរចិញ្ចើមផ្លូវ ដើម្បីចាំដឹកម៉ូយ ។ ពេលអង្គុយចាំម៉ូយ បុរសរងគ្រោះក៏បានទាញទូរស័ព្ទដៃយកមកលេង ហ្គេម ខណៈកំពុងតែអង្គុយលេងហ្គេមនោះស្រាប់តែមានរថយន្តយីឌុបកង់១០ មួយគ្រឿងដឹកខ្សាច់ចេញពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យកទៅការដ្ឋានម្តុំបឹងត្របែក ដោយធ្វើដំណើរតាមផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច មកដល់មុខក្លោងទ្វារវត្តអង្គពោធិញាណ រថយន្តក៏បានជ្រុលចង្កូតឡើងលើខឿនមុខផ្ទះប្រជាពលរដ្ឋ រួចហើយបានមកបុកម៉ូតូរបស់បុរសរងគ្រោះ តែដោយសារបុរសរងគ្រោះក្រឡេកឃើញទាន់ ក៏បានលោតចេញពីម៉ូតូ រលាត់ដៃជើងតិចតួច និងបែកបាក់ការ៉ូឡាក្រាលខឿនមុខផ្ទះ ចំណែកម៉ូតូបានដួលក្រោមរថយន្តរងការខូចខាតមួយកំណាត់មុខទាំងស្រុង ។
ក្រោយពេលកើតហេតុបុរសរងគ្រោះបានទាមទារសំណង១០០ដុល្លារ ហើយខាងភាគី រថយន្តបង្កយល់ព្រមសង១០០ដុល្លាទៅម្ចាស់ម៉ូតូជនរងគ្រោះ ចំណែកម្ចាស់ផ្ទះដែលរងការបាក់បែកការ៉ូឡាដែលនៅមុខផ្ទះក៏ទាមទារសំណងពីភាគីខាងលើចំនួន១២០ដុល្លា ហើយម្ចាស់រថយន្តបង្ករក៏យល់ព្រមសងសំនង១២០ដុល្លាដែរដើម្បីបញ្ចប់រឿង។