អត្ថបទនិងរូបភាពដោយ លោកប៊ុន រដ្ឋា
ខេត្តកំពង់ធំៈ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្កិ និងប្រគល់សេចក្តីសម្រេចតែងតាំងមុខងារ ជូនយោធិនចំនួន៨១ រូប ដែលមានថ្នាក់ដឹកនាំ មេបញ្ជាការមេបញ្ជាការរង នាយកការិយាល័យ ចំណុះបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពីធីនេះនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។
លោកអនុសេនីយ៍ទោ សេង មករា នាយរងការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចកីសម្រេច ប្រកាសតែងតាំងមុខងារ៨នាក់ សេចក្តីសម្រេចឋានន្តរសក្កិ នាយទាហានថ្នាក់អនុសេនីយ៍៣៣ នាក់ និងសេចក្តីសម្រេចដំឡើងឋានន្តរសក្តិនាយទាហាន រងចំនួន៤០នាក់ ដែលជាសិទ្ធិសម្រេចរបស់ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤។
ឧត្តមសេនីយ៍ត្រីញូង ធី មេបញ្ជាការរង និងជានាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងបញ្ជាក់ អំពីចំណុចសំខាន់ៗមួយចំនួន ស្តីពី បទវិន័យទូទៅ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ជូន យោធិនទាំងអស់ ដែលបានទទួលសេចក្ដីសម្រេចតែងតាំងមុខងារ និងការតម្លើងឋានន្តរសក្ដិ ដើម្បីយកទៅអនុវត្តន៍ជាប្រយោជន៍ដល់អង្គភាព ក្នុងការធ្វើជាថ្នាក់ដឹកនាំល្អ ស្មោះត្រង់សច្ចៈធម៌ គោរពវិន័យ និងជាកងកម្លាំងដ៏មានគុណភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណ ឯកឧត្តមមេបញ្ជាការយោធភូមិភាគ ទី៤ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលមាន ទំនុកចិត្តផ្ដល់នូវការតែងតាំងមុខងារ និងផ្ដល់នូវឋានន្តរសក្កិ ចំពោះយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងចូលរួមអបអរសាទរយោធិនទាំង៨១រូបដែលទទួលបាន សេចក្តីសម្រេចតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្កិថ្មី និងបានសំណូមពរដល់យោធិនទាំអស់ ត្រូវខិតខំបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូនឲ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីទទួលបាននូវឋានន្តរសក្តិនិងមុខងារថ្មីៗបន្ថែមទៀតតាមពេលវេលាកំណត់នៃលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងបានដាក់បទបញ្ជាដល់យោធិន ទាំងអស់ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ដាច់ខាតការពារឱ្យបានរាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីការបោះឆ្នោត និងគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើឲ្យមានប្រសិទ្ធភាព។
នាយទាហាន នាយទាហានរងទាំងអស់ ដែលបានទទួលសេចក្តីសម្រចតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្កិ បានប្ដេជ្ញាចិត្តដាច់ខាតគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា ដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានប្រគល់ជូននិងប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត៕





































