ខេត្តកំពង់ចាម ៖ លោកវេជ្ជបណ្ឌិត ង៉ិល វុធ អនុប្រធានមន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញ បាន ដឹកនាំ ក្រុមការងារ សហការជាមួយ មន្ទីរពេទ្យយោធភូមិភាគទី២ ដោយមានការគាំទ្រ ពី ស.ស.យ.ក និង សមាគម LP8 ដែលបានចូលរួមឧបត្តមនូវ ថវិកា មួយចំនួន សម្រាប់ ធ្វើការពិនិត្យ ព្យាបាល និងផ្ដល់ជាវែនតា ជូន ដល់ បងប្អូន ប្រជាពលរដ្ឋ ក្នុង ស្រុកកំពង់សៀម ប្រមាណ ជាង ៤០០នាក់ ដែលមានបញ្ហាភ្នែក ត្រូវបាន ធ្វើឡើង នារសៀល ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នៅ មន្ទីរពេទ្យ ៧ដេ ខេត្តកំពង់ចាម ។
លោកវេជ្ជបណ្ឌិត ង៉ិល វុធ ជាដុកទ័រជំនាញឯកទេសភ្នែក បានឲ្យដឹងថា កម្មវិធីថែទាំសុខភាពភ្នែក របស់មន្ទីព្យាបាលភ្នែកហូសេងភ្នំពេញជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម នេះ ត្រូវបានធ្វេីឡេីង ក្នុង រយៈពេល ២ថ្ងៃ គឺ ចាប់ពី ថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ពន្លឺថ្មីនៃក្តីសង្ឃឺម» ក្នុងគោលបំណង ផ្សព្វផ្សាយ អប់រំ អំពីរបៀបថែទាំសុខភាពភ្នែក និងចែកវ៉ែនតាក្រោមការគាំទ្រពី លោកស្រី សុក សុធាវី តំណាងសមាគម LP8 ។
លោកវេជ្ជបណ្ឌិត បាន បញ្ជាក់ ថា ចំពោះលោកយាយលោកតាក៏ដូចជាបងប្អូនប្រជាពលរដ្ឋប្រសិនណា ជាការពិនិត្យ នេះឃើញ ថាភ្នែកមានបញ្ហាធ្ងន់ធ្ងរ គឺសូមបន្តទៅធ្វើការវះកាត់នៅមន្ទីរព្យាបាលភ្នែក ហូ សេងភ្នំពេញ នៅ រាជធានីភ្នំពេញ ដោយ ឥតគិតថ្លៃ ដែលមន្ទីរព្យាបាលភ្នែកនេះ មានស្តង់ដារ រួមនឹងគ្រូពេទ្យមានជំនាញ និងបទពិសោធន៍ផ្នែកភ្នែកជាយូរឆ្នាំ មកពីទីក្រុង សៀង ហៃ ប្រទេសចិន ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗ ជាមួយនឹងស្តង់ដារខ្ពស់ សម្រាប់ ការធ្វើរោគវិនិច្ឆ័យក្នុងការវះកាត់ភ្នែក និងប្រកបដោយផាសុខភាព ដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកជំងឺ ដែលផ្តល់នូវការព្យាបាលដល់អ្នកជំងឺ ដោយមានការយកចិត្តទុកដាក់បំផុត។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ង៉ិល វុធ ក៏បាន ថ្លែងអំណរគុណ ចំពោះ លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម និងលោកឧត្ដមសេនីយ៍ វេជ្ជបណ្ឌិត ណាំ វណ្ណះ នាយកមន្ទីរពេទ្យយោធភូមិភាគទី២ ក៏ដូចជាក្រុមការងារទាំងអស់ដែលបានយកចិត្តទុកដាក់សហការគាំទ្រកម្មវិធី ថែទាំសុខភាពភ្នែក របស់មន្ទីព្យាបាលភ្នែកហូសេងភ្នំពេញជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម រយៈពេល២ថ្ងៃនេះ ៕







































