ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយខ្នងនៅកណ្តាលក្រុង ទាំងព្រលឹមអុរ

0

អត្ថបទនិងរូបភាពដោយលោកព្រាប ស

ខេត្តបាត់ដំបង: លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះទាំងព្រលឹមអុរ បង្កការភ្ញាក់ផ្អើល តែត្រូវបានកម្លាំងការិយាល័យជំនាញចុះទប់ស្កាត់ទាន់ពេលដោយមិនមានការរាលដាលទៅផ្ទះអ្នកដទៃ។

ករណីនេះបានកើតឡើង នាថ្ងៃទី ២៥ ខែមករា  ឆ្នាំ២០២២ នៅវេលាម៉ោង ៦ និង ៤០នាទីព្រឹក ស្ថិតនៅចំណុចផ្ទះលេខ៨១ ក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

អគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះ ០១ខ្នង ទំហំ៨មx២០ម (ឆេះទាំងស្រុង១បន្ទប់)  ធ្វើអំពីថ្ម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ស៊ីវន ខេមរិន្ទ  ភេទប្រុស អាយុ៥៥ឆ្នាំ រស់ក្នុងភូមិ សង្កាត់កើតហេតុខាងលើ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញបានអោយដឹងថា មូលហេតុ គឺឆ្លងចរន្តអគ្គិសនី (ឆេះចេញពីពិដានផ្ទះ) ដែលបង្កអោយសម្ភារ:ខូចខាតរួមមាន ឆេះបន្ទប់ ០១បន្ទប់ ទាំងស្រុង ឆេះសម្ភារ:ប្រើប្រាស់ក្នុងបន្ទប់ទាំងស្រុង បើសរុបគិតជាទឹកប្រាក់អស់ប្រហែល ២.៧០០ដុល្លា (ពីរពាន់ប្រាំពីររយដុល្លារ)។

នៅក្នុងហេតុការណ៍ទាំងព្រឹកព្រលឹមនេះ លោក គឹម ប៊ុនធឿន នាយការិយាល័យបង្ការ-ពន្លត់អគ្គីភ័យបានបញ្ជាក់ថា ភ្លាមៗនោះ កម្លាំងបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ទៅកាន់ទីតាំងកើតហេតុ ដើម្បី ពន្លត់និងទប់ស្កាត់មិនឲ្យឆេះរាលដាលបន្ត ៕