កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់ វ៉ាក់សាំងម្ជុលទី៤ ជាដូសជម្រុញ សម្រាប់ចាក់ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តកំពង់ចាម ។ ការថ្លែងអំណរគុណនេះ បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញទី៤ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចាក់វ៉ាក់សាំងដូសជម្រុញទី៤នេះ ដើម្បីការពារសុខភាព សំដៅធ្វើយ៉ាងណា កុំឲ្យមានការឆ្លងរីករាលដាលនៃមេរោគបំលែងខ្លួនថ្មី ប្រភេទ អូមីក្រុង ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ ព្រោះមេរោគប្រភេទនេះ វាពិតជាងាយឆ្លងលឿនណាស់ មានតែការចាក់វ៉ាក់សាំងទេ ដែលអាចការពារយើងឲ្យជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាន ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវសូមឲ្យមានការរួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ជាពិសេសវីរុសបំលែងខ្លួនថ្មី ប្រភេទ អូមីក្រុង ដោយកុំភ្លេចអនុវត្តវិធានការ ៣ការពារ ៣កុំ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាលផងដែរ ។
តាមរបាយការណ៍ របស់ លោកវេជ្ជបណ្ឌិត គីម សួរភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាមសម្រេចចាក់វ៉ាក់បង្ការជូនប្រជាពលរដ្ឋ កុមារអាយុ ៥ឆ្នាំ ចាក់ដូសទី១ បាន៨៧% ដូសទី២ បាន៦៣% ។ កុមារអាយុ៦ឆ្នាំ ដល់១១ឆ្នាំ ចាក់ដូសទី១ បាន១១០% ដូសទី២ បាន១០២% ។ អាយុ១២ ដល់១៨ឆ្នាំ ចាក់ដូសទី១ បាន១០០% ដូសទី២ បាន៩៦% ។ និងអាយុ១៨ឆ្នាំឡើង ចាក់ដូសទី១ បាន៧២% ដូសទី២ បាន៦៨% និងដូសជម្រុញទី៣ បាន៣៧% ។ ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាម នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ-១៩ ក្នុងដូសទី៤ ឬដូសជម្រុញ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីនគរបាលជាតិ នៅក្នុងខេត្តកំពង់ចាម ផងដែរ ៕