ប្រទេសថៃ៖មួយរយ:ចុងក្រោយនេះ គេសង្គេតឃើញថា សាច់ជ្រូកនៅលើទីផ្សារក្នុងប្រទេសថៃ បានហក់ឡើងថ្លៃយ៉ាងខ្ពស់ ដែលតម្រូវអោយប្រជាពលរដ្ឋថៃមួយចំនួន ងាកមកបរិភោគសាច់ក្រពើជំនួសវិញ ដោយសារតែសាច់ក្រពើមានការចុះថោកខ្លាំង។
ដោយសារតែបញ្ហានេះបានធ្វើអោយមតិជាច្រើនធ្វើការរិះគន់ទៅលើមន្ត្រីជំនាញ និងធ្វើអោយព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាត ជុំវិញការឡើងថ្លៃនៃសាច់ជ្រូកនេះ ដោយសារគ្មានការទប់ស្កាត់របស់អង្គភាពពាក់ព័ន្ធ។
ជុំវិញរឿងរ៉ាវទាំងអស់នេះ បានធ្វើអោយក្រសួងកសិកម្ម បានចាត់កម្លាំងចុះសហការជាមួយមន្ត្រីបសុសត្វ និងមន្ត្រីការពារព្រំដែន គ្រប់ច្រកល្ហក ឈរជើង២៤ម៉ោង លើ២៤ម៉ោង ដើម្បីឃ្លាំមើលករណីណាដែលមានការសង្ស័យ។
លុះនៅព្រលប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២នេះ កម្លាំងជំនាញបានធ្វើការឃាត់រថយន្តកុងតឺន័រ មួយគ្រឿង បន្ទាប់ពីមានការសង្ស័យ ដោយរថយន្តនោះបានឆ្លងស្ពានមិត្តភាព ថៃ-ឡាវ ( ស្ពានទី២ ) ឆ្ពោះចូលទៅក្នុងប្រទេសថៃ។
នៅក្នុងរថយន្តគេសង្គេតឃើញមាន សាច់ជ្រូក និងឆ្អឹងជំនីជ្រូក សរុបមានទម្ងន់ ២៤ តោន បើគិតជាទឹកប្រាក់ប្រមាណ ៦ លានបាត ដោយសាច់ជ្រូកទាំងនេះគ្មានច្បាប់អនុញ្ញាតក្នុងការនាំចូល និងគ្មានការឆ្លងកាត់ត្រួតពិនិត្យពីជំនាញបសុពេទ្យឡើយ ហេតុដូច្នេះក្រសួងកសិកម្មបានសម្រេចធ្វើការដុតកម្ទេចចោលទាំងអស់ ដោយឡែកអ្នកបើកបរ ដែលពាក់ព័ន្ធ បើតាមផ្លូវច្បាប់ត្រូវមានទោសជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ មិនលើសពី ២ សែនបាត៕អត្ថបទ : ព្រាប.ស