ខេត្តស្ទឹងត្រែង៖ បុរសជាងផ្ទះវ័យ៣០ឆ្នាំម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ពេលចេញទៅស៊ីឈ្នួល ជួសជុលប្រក់ដំបូលផ្ទះឲ្យអ្នកស្រុកជាមួយគ្នា ដែលហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង៧ព្រឹក ថ្ងៃទី២៦មករាឆ្នាំ២០២២ ស្ថិតនៅភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អធិការនគរបាលស្រុកសេសាន លោកវរសេនីយ៍ឯក ទេស ភាលាភ បានបង្ហាញរបាយការណ៍ឲ្យដឹងថា បុរសរងគ្រោះឈ្មោះ វេត ខាំសាយ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងផ្ទះ មានទីលំនៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោកបន្តថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានចេញទៅស៊ីឈ្នួលជួសជុលសំយ៉ាបផ្ទះ ១ខ្នង ឲ្យបុរសម្នាក់ ឈ្មោះ ឡាយ ថៃ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ តែនៅក្នុងខណៈដែលកំពុងជួសជុលសំយ៉ាបផ្ទះ ជនរងគ្រោះត្រូវបានឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ដោយខ្លួនឯង។
របាយការណ៍ដដែល បានសរសេរហាក់មានការស្តីបន្ទោសដល់ជនរងគ្រោះ ថាបានធ្វើការដោយធ្វេសប្រហែស ក្នុងពេលទាញខ្សែភ្លើងឡើងលើដំបូលផ្ទះ ធ្វើឲ្យខ្សែភ្លើងនោះត្រូវចំព្រីភ្លើង រួចប៉ះជាមួយស័ង្កសី ទើបបណ្តាលឲ្យឆក់ស្លាប់នៅក្នុងពេលនោះ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញស្រុកសេសាន បានសហការជាមួយ កម្លាំងជំនាញការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹត្រែង រួមជាមួយគ្រូពេទ្យមណ្ឌលសុខភាពកំភុន ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសាមឃួយ និងមេឃុំសាមឃួយ ដោយទទួលបានការអនុញ្ញាតពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចុះធ្វើការពិនិត្យសាកសព។
ឆ្លងតាមការត្រួតពិនិត្យ មន្ត្រីជំនាញបានសន្និដ្ឋានថា សាកសពពិតជាបានស្លាប់ដោយសារឆ្លងចរន្តភ្លើងអគ្គីសនី បណ្ដាលអោយឆក់ខ្លួនឯងស្លាប់ យ៉ាងពិតប្រាកដមែន។ ដូច្នេះ ករណីនេះគ្មានការពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ។ ហើយសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕