អាជ្ញាធរខេត្តដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះសុខភាព ពាក់ព័ន្ធនិងការទិញទំនិញផ្សេងៗ ដែលមិនស្គាល់ប្រភពច្បាសលាស់

0

ខេត្តស្ទឹងត្រែង៖ ក្នុងសិក្ខាសាលាមួយស្តីពីកំណប់សុខភាពខ្ញីខ្មៅ និងជំងឺមិនឆ្លង នៅឯរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៥ខែមករាកន្លងទៅ អាជ្ញាធរខេត្តបានដាស់តឿនដល់ប្រជាពលរដ្ឋអំពីបញ្ហាសុខភាពពាក់ព័ន្ធនិងការទិញទំនិញតាមអនឡាញ ក៏ដូចជាទំនិញជាទំនិញដែលយើងមិនស្គាល់ប្រភពច្បាស់លាស់ ។
ឯកឧត្តម ដួង ពៅ អភិបាលរងខេត្តបានមានប្រសាសន៍ថាៈដោយសារបច្ចេកវិជ្ជាមានភាពជឿនលឿន ក្នុងសង្គមកម្ពុជា ក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកកសិកម្ម និងឧស្សហ៍កម្ម ក៏ដូចជាមានការកែច្នៃផលិតផលផ្សេងៗ ឲ្យមានគុណភាព និងសោភណ្ឌភាពសម្រាប់តម្រូវការក្នុងទីផ្សារ ។ ដូចនេះដើម្បីធានាបាននូវការទទួលខុសត្រូវ និងលើកកម្ពស់ការប្រុងប្រយ័ត្ន ទាំងការប្រើប្រាស់ចំណីអាហារ និងប្រើប្រាស់ផលិតផលផ្សេងៗឲ្យត្រូវនិងស្តង់ដា និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។
ក្នុងនោះដែរ លោកវេជ្ជបណ្ឌិត សុខ រ៉ាផុន ទីប្រឹក្សាវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន វ៉ុលថេន ខេមបូឌា បានមានប្រសាសន៍ថាៈបច្ចុប្បន្នប្រជាពលរដ្ឋ មានការយល់ដឹងខ្ពស់អំពីការថែទាំសុខភាព ជាក់ស្តែងដូចជាវិធានការ៣កុំ និង៣ការពារជាដើម គឺពួកគាត់បានអនុវត្តបានល្អ ។
លោកវេជ្ជបណ្ឌិតបន្តថាៈការមានចំណេះដឹង និងភាពឈ្លាសវៃក្នុងការថែទាំសុខភាព ជាចំណែកមួយមិនអាចខ្វះបាន សម្រាប់ជួយជំរុញឲ្យសង្គមជាតិ ក៏ដូចជាសង្គមគ្រួសារមានស្ថិរភាព និងសុភមង្គល ។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍បានមានប្រសាសន៍ចាត់ទុកថាៈនេះជាសារមួយសម្រាប់ផ្តល់ជាព័ត៌មានជាក់លាក់ទៅបងប្អូនប្រជាពលរដ្ឋ ដែលអាចទទួលយកបាន ហើយធ្វើការពិចារណាដោយខ្លួនឯងក្នុងការជ្រើសរើសនូវផលិតផលណាមួយយកទៅបរិភោគឲ្យបានត្រឹមត្រូវ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងជីវិតរស់នៅ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏មិនត្រូវចាញ់បោកការឃោសនាពីប្រភពណាមួយ ដែលយើងមិនបានស្គាល់ច្បាស់លាស់ ។
សូមបញ្ជាក់ថាៈកំណប់សុខភាពខ្ញីខ្មៅនិងជំងឺមិនឆ្លងនេះ ត្រូវបានក្រុមហ៊ុនវ៉ុលថេន-អ៊ីនវើណេសិនណល់ខេមបូឌា-បានផលិតឡើងនូវចំណីអាហារបំប៉នផ្នែកសុខភាពជាច្រើនមុខ និងបានមកធ្វើការផ្សព្វផ្សាយជាលើកដំបូងនៅខេត្តស្ទឹងត្រែង ដើម្បីឲ្យអ្នកប្រើប្រាស់ទទួលបានគុណប្រយោជន៍សម្រាប់សុខភាព ៕