តាមការឱ្យដឹងពីនាយកដ្ឋានការងារបានបង្ហាញថា បរិមាណពលករអន្តោប្រវេសន៍ដែលបានចុះបញ្ជីក្នុងប្រព័ន្ធរបស់ រដ្ឋាភិបាលមានចំនួនជិត១លាននាក់ ។ លោក Sumeth Mahosoth អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ បានថ្លែងថា ពលករអន្តោប្រវេសន៍៩៨៧.០០០នាក់ បូករួមទាំងសមាជិកក្រុមគ្រួសារ ត្រូវបាននាំមកចុះបញ្ជីនៅតាមការិយាល័យចុះបញ្ជីពលករបរទេស ដែលមានបើកដំណើរការនៅទូទាំងប្រទេស ។
ពលករភាគច្រើន គឺមកពីប្រទេសកម្ពុជា និងតាមពីក្រោយដោយមីយ៉ាន់ម៉ា និងទ្បាវ។ ជាងនេះទៅទៀត លោកបានជំរុញឱ្យនិយោជក ក៏ដូចជាម្ចាស់ក្រុមហ៊ុនសហគ្រាសនាំកម្មកររបស់ខ្លួន ដែលមកពីបណ្តាប្រទេសទាំង៣ទៅចុះបញ្ជី ខណៈដែលអ្នកទាំងនោះអាចនឹងត្រូវបានគេធ្វើបាប ប្រសិនបើពួកគេខកខានពុំបានបំពេញបែបបទឱ្យបានត្រឹមត្រូវ ។
រដ្ឋាភិបាលរំពឹងថា ការអនុវត្តដូច្នេះអាចនឹងការពារពលករទាំងនោះពីការជួញដូរ ហើយថែមទាំងអាចឱ្យពួកគេមានសមត្ថភាពដើរចូលទៅក្នុងសេវាកម្មរបស់ រដ្ឋាភិបាលស្របតាមគោលការណ៍ច្បាប់របស់ថៃ ៕ដោយផន សុខជាតិ