សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនព្រះសង្ឃមួយអង្គ ដែលគេស្គាល់ថាជាចៅធអិការវត្ត ខណៈព្រះសង្ឃនិងគូកន បាននាំគ្នាចូលច្រៀងខារ៉ាអូខេអោបស្រីមួយកន្លែង នៅក្រុងតាខ្មៅកាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣នេះ។ ព្រះសង្ឃអង្គនោះមានព្រះនាម សុង រតនៈ អាយុ៤៦ឆ្នាំ ជាព្រះចៅអធិការវត្តចំប៉ាចាស់ ស្ថិតនៅក្នុងភូមិអង្គពពេល ឃុំអង្គពពេល ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ ចំណែកគូនកន៤នាក់ទៀតឈ្មោះ ១. ខាត់ ភឿក ២.ប៉ុល គន្ឋា ៣.ប៉ុល ចាន់ដារ៉ា និង៤.ពៅ សំអាត អ្នកទាំង៤ក៏ត្រូវបានឃាត់ខ្លួនដែរ តែត្រូវបានដោះលែងវិញ ក្រោយពីធ្វើកិច្ចសន្យារួចហើយ។
ចំណែកព្រះចៅអធិការបរាជិកនេះ ត្រូវបានឃាត់ខ្លួននិងទំនាក់ទំនងជាមួយមន្ត្រីធម្មការខេត្តកំពង់ស្ពឺ ដើម្បីបញ្ជូនទៅខេត្តវិញ រងចាំកាត់ដាក់វិន័យតាមព្រះពុទ្ឋសាសនា។ យោងតាមចម្លើយសរភាព សង្ឃអង្គខាងលើ បានឲ្យដឹងថា ខ្លួនបានបួស៧វស្សាមកហើយ ហើយបានប្រព្រឹត្តិខុសវិន័យ ចូលច្រៀងខារ៉ាចំនួន៣លើកមកដែរ លើកទី១នៅខេត្តរតនគិរី លើកទី២នៅខេត្តសៀមរាប លើកទី៣នៅក្នុងបន្ទប់ភ្នំប្រុសក្នុងខារ៉ាអូខេឌីយ៉ាម៉ងផាលេស ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្តាល។
ហើយក៏ត្រូវបែកការដល់សមត្ថកិច្ច ឈានដល់ការឃាត់ខ្លួនតែម្តង។ ព្រះសង្ឃសរភាពបន្តថា ការធ្វើនេះគឺដោយសារការអូសទាញពីមិត្តភក្ត្រ័ រួមផ្សំ និងចិត្តចង់របស់ខ្លួនឯងដែរ ហើយក៏បានសម្តែងការសោកស្តាយផងដែរ នូវទង្វើខុសវិន័យព្រះ ពុទ្ឋសាសនានេះ។
សមត្ថកិច្ចឲ្យដឹងថា ព្រះអង្គខាងលើនិងគូកន បានចូលច្រៀងតាំងពីវេលាម៉ោង៣រសៀល តែ ដោយមានការសំណូមពរពីម្ចាស់ខារ៉ាអូខេ ឲ្យចាំគិតលុយសិន ទើបសមត្ថកិច្ចនៅរង់ចាំរហូត ដល់ម៉ោង៥រសៀលទើបឃាត់ខ្លួន ជាមួយនឹងគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ.ព ២R២២២៤ និងរកឃើញស្បង់ជីវមួយកំប្លេនៅក្នុងឡាន ដោយបានប្តូរសម្លៀក បំពាក់ស៊ីវិលនៅពេលធ្វើដំណើរមកក្រុងតាខ្មៅនោះ។



































