ក្លិបឥន្ទ្រីខៀវ Crystal Palace បានប្រកាសថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធ Andrew Johnson ដោយមិនមានតម្លៃខ្លួន ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះត្រូវបានក្លិប Queens Park Rangers អនុញ្ញាតឲ្យចាកចេញកាលពីបញ្ចប់រដូវកាល ហើយរូបគេក៏បានចុះកិច្ចសន្យាថ្មីនៅទឹកដី Selhurst Park ។
អតីតខ្សែប្រយុទ្ធរបស់ជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំរីករាយដែលបាន វិលត្រឡប់មកទីនេះវិញ ខ្ញុំស្រឡាញ់ទីនេះ ហើយខ្ញុំចង់អរគុណដល់ប្រធានក្លិបដែលបានផ្តល់ឱកាសជាថ្មីដល់ខ្ញុំ” ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យចំណាស់រូបនេះធ្លាប់លេងឲ្យក្លិប Crystal Palace កាលពីចន្លោះឆ្នាំ២០០២ ដល់ឆ្នាំ២០០៦ ហើយរូបគេធ្លាប់ស៊ុតបញ្ចូលទីឲ្យក្លិបនេះបាន៨៥គ្រាប់ក្នុងការចូលលេង ១៦០ ប្រកួត ៕