កំពង់ធំ ៖ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទ
បល្ល័ង្កថ្លែងថាសិស្សជាប់បាក់ឌុបត្រូវខំរៀនសូតរៀនហើយរៀនទៀតឲ្យក្លាយជាធនធានមនុស្សសំរាប់ប្រទេសជាតិ យើង ។
ឯកឧត្តម ជា អឿង បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សជាង ១០០នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិនៅវិទ្យាល័យក្រយានិងវិទ្យាល័យប្រាសាទបល្ល័ង្ក ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២ ។
ឯកឧត្តមបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូព្រមទាំងមាតាបិតាដែលជួយជំរុញ និងទំនុកបំរុងកូនៗរបស់ខ្លួនរហូតសម្រេចលទ្ធផលដ៏ល្អនេះថ្ងៃនេះ។
ឯកឧត្តមសូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដែលបានខិតខំរៀនសូត្រក្នុងការប្រឡងយកសញ្ញាបត្រទុតិយភូមិនិងត្រូវព្យាយាមបន្ថែមទៀតនៅពេលខាងមុខដោយេជ្រើសរើសយកចំណេះជំនាញរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង ទាំងសមត្ថភាព គុណភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនឡើង ។
ជាមួយគ្នាដែរឯកឧត្តមក៏បានលើកទឹកចិត្តទៅដល់សិស្សានុសិស្សថាភាពក្រីក្រមិនមែនជាឧបសគ្គក្នុងការសិក្សារៀនសូត្រនោះទេទោះបីក្រក៏រៀនបានដែរ ដូច្នេះយើងត្រូវសិក្សារៀនសូត្រឱ្យបានច្រើនដើម្បីអនាគតរបស់ខ្លួនយើងគ្រួសារយើងនិងសង្គមជាតិយើង។
ឯកឧត្តមបានបន្តថាការសិក្សាត្រូវផ្ដោតសំខាន់ដោយមានការសិក្សាស្រាវជ្រាវ ហើយការសិក្សាត្រូវមានការតស៊ូ អ្វីដែលសំខាន់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនជារៀងរហូតជាពិសេសនោះត្រូវបង្កើតនូវការសិក្សារៀនភាសាបរទេសបានច្រើនដោយសិក្សាពេញមួយជីវិត ត្រូវចេះជួយខ្លួនឯងមុនឲ្យអ្នកដទៃជួយហើយនៅទីណាក៏អាចយើងក៏អាចរៀនបានដែរនិងត្រូវមានការទំនាក់ទំនងរាល់មជ្ឈដ្ឋានខាងជុំវិញខ្លួន ដោយសេពគប់តែមិត្តល្អ ។
ក្នុងនោះឯកឧត្តមបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ចំនួន៦៧នាក់ដោយក្នុងមួយនាក់ទទួលបានសារ៉ុង០១ ថវិកា៥ម៉ឺនរៀល និងសិស្សានុសិស្សចំនួន១៥៥នាក់ដោយក្នុងមួយនាក់ទទួលបានសៀវភៅ និងថវិកា២ម៉ឺនរៀល ។
គួររំលឹកផងដែរ សិស្សនៅក្នុងស្រុកប្រាសាទបល្ល័ង្ក មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៣០នាក់ (ស្រី ១៣០នាក់) បានប្រឡងជាប់ចំនួន ១៥៥នាក់ (ស្រី ៩១នាក់) ក្នុងនោះជាប់និទ្ទេស B ០៥នាក់ (ស្រី ០៣នាក់) និទ្ទេស C ២៧នាក់ (ស្រី ១៧នាក់) និទ្ទេស D ៥៤នាក់ (ស្រី ៣៤នាក់) និងនិទ្ទេស E ៦៩នាក់ (ស្រី ៣៧នាក់)







































