ទំនងស្រវឹង បើកលឿនឡើងខឿនសួននាគបាញ់ទឹក ហោះចូលស្ទឹងបណ្តាលអោយស្លាប់អ្នកបើកបរម្នាក់

0

ខេត្តបាត់ដំបង: បុរសវ័យជាង៣០ឆ្នាំម្នាក់ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីបានបើកបររថយន្តដូចហោះ ឡើងខឿនសួននាគបាញ់ទឹករួចពុសជ្រែកអាកាសហោះធ្លាក់ចូលស្ទឹងសង្កែទាំងកណ្តាលយប់រួចមក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៣ និង ៤០ នាទី ទៀបភ្លឺថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចក្នុងស្ទឹងសង្កែ ត្រើយខាងលិច ស្ថិតក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាកអុីស៊ុយស៊ុយ ពណ៌ទឹកសមុទ្រ បានបើកបរដូចហោះក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ មាត់ស្ទឹង (ផ្លូវលេខ១)។

សាក្សីបានបន្តថា លុះមកដល់ត្រង់បរិវេណសួននាគបាញ់ទឹក ស្រាប់តែរថយន្តនេះរេឆ្វេងឡើងទៅលើខឿន ហើយបានជ្រុលចង្កូតធ្លាក់ក្រឡាប់ចូលទៅក្នុងស្ទឹងសង្កែ បណ្តាលឲ្យអ្នកបើកបរឈ្មោះ វ៉ាង សារិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្រុមទី២២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ស្លាប់ក្នុងខណ;ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

ភ្លាមៗនោះ រថយន្តខាងលើត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក្ទូចយកទៅរក្សាទុក ដោយឡែកសាកសពជនរងគ្រោះក៏បានធ្វើការប្រគល់ទៅអោយសាច់ញាតិយកទៅធ្វើបុណ្យហើយ ដោយករណីនេះប្រភពខ្លះនិយាយថាប្រហែលងងុយដេក ឯមួយចំនួនទៀតសន្និដ្ឋានថា អាចបណ្តាលមកពីស្រវឹងខ្លាំង បាត់បង់ម្ចាស់ការទើបបើកលឿននិងរេចង្កូតបែបនេះ ៕ អត្ថបទ : ព្រាប.ស