លោកជំទាវ មាន សំអាន សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមវគ្គបំប៉នពង្រឹងសមត្ថភាពដល់ស្ត្រីដឹកនាំដោយបានចាត់ទុកស្ត្រីជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ច របស់សង្គមជាតិ

(កំពង់ធំ)÷ លោកជំទាវ មាន សំអាន សមាជិក ព្រឹទ្ធសភា ប្រធានគណកម្មការទី៨នៃព្រឹទ្ធសភា ប្រធានគណៈចលនាស្រ្តី និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវសង្កហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានចលនាមហាជន និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជាអធិបតី ក្នុងពិធី បើកវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីដឹកនាំក្រុង/ស្រុក ឃុំ/សង្កាត់ នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២។ វគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីដឹកនាំ ក្រុង/ស្រុក ឃុំ/សង្កាត់នេះផងដែរ មានការចូលរួម ពីលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្តលោកជំទាវ លឹម ផល្លា សមាជិករដ្ឋសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្ត លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានគណៈកម្មការសាខាសមាគមនារីខេត្ត អភិបាលស្រុក លោកជំទាវ លោកស្រីតំណាងកិច្ចការនារីតាមមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងលោក លោកស្រីចូលរួមពីបណ្ដាស្រុកមួយចំនួនដូចជាស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែនផងដែរ។

នៅក្នុងកិច្ចប្រជុំនេះលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្តបានមានប្រសាសន៍ថា វគ្គបំប៉នពង្រឹងសមត្ថភាពសម្រាប់ស្ត្រីដឹកនាំឃុំស្រុក ស្តីពីសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍនេះក្នុងគោលបំណងជួយដល់ក្រុមស្ត្រី ស្ដីពីគោលនយោបាយ និងគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងលើកស្ទួយដល់ស្ត្រីក្នុងជួរគណបក្ស ក៏ដូចជាស្ត្រីទូទៅដើម្បីមានឱកាសកសាង និងបង្ហាញនូវស្នាដៃជូនចំពោះជាតិ ដើម្បីរំលឹកឡើងវិញនៅវីរភាពដ៏អង់អាចក្លាហានដែលវីរនារីយើងបានពុះពារគ្រប់ឧបសគ្គ ដែលនារីទាំងអស់បានខិតខំតស៊ូជម្នះគ្រប់ការលំបាក។

មតិសំណេះសំណាលដ៏មានខ្លឹមសារនៅក្នុងវគ្គបំប៉នពង្រឹងសមត្ថភាពដល់ក្រុមចលនាស្ត្រីដ៏មានអត្ថន័យ លោកជំទាវ មាន សំអាន សមាជិក ព្រឹទ្ធសភា បានមានប្រសាសន៍ថាថ្ងៃនេះយើងមានមោទនភាពដើម្បីពង្រឹងនូវចំណេះដឹងដល់ស្ត្រីយើងហើយជំរុញឲ្យស្ត្រីទាំងអស់មានភាពក្លាហានមានជំនាញមានចំណេះដឹងដើម្បីបានចូលរួមគ្រប់សកម្មភាពរបស់សង្គម ទោះបីជាពេលខ្លះនារីរបស់យើងមានការលំបាកក៏ពិតមែនក៏ប៉ុន្តែក្នុងនាមរាជរដ្ឋាភិបាលដែលមានលោកជំទាវ ម៉ែន សំអន ជាប្រធានបានខិតខំធ្វើយ៉ាងណាឲ្យស្ត្រីមានតួនាទីស្នូលនិងសំខាន់បំផុតសម្រាប់សង្គមជាតិឱ្យមានការទទួលខុសត្រូវ។

លោកជំទាវបានក្រើនរំលឹកផងដែរថា បន្តពង្រឹងភាពអង់អាចរបស់ស្ត្រី ដោយបង្កើនសក្តានុពលចំពោះស្រ្តីក្នុងតួនាទីជាដៃគូដ៏មាន តម្លៃជាមួយនឹងបុរសក្នុងសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនស្រី នៅតាមភូមិ ឃុំឱ្យ មានមុខរបរ សមស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។
បន្តលើកកម្ពស់សុខុមាលភាពស្ដីដោយអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ចំពោះស្រ្តីមានផ្ទៃពោះ ក្មេងស្រី និងស្ត្រីងាយរងគ្រោះ ។បន្តផ្សព្វផ្សាយអប់រំសីលធម៌សង្គម នៅគ្រប់វេទិកា គ្រប់រូបភាព តាមប្រព័ន្ធបណ្តាញ សង្គមសំដៅ បង្ការទប់ស្កាត់ការប្រើហិង្សាលើស្ត្រី និងកុមារ ។ បន្តចូលរួមលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រី ដោយបានចាត់ទុកស្ត្រីជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ច របស់សង្គមជាតិ ។

ជាចុងក្រោយលោកជំទាវក៏បានសំណូមពរ ដល់ក្រុមចលនាស្ត្រីទាំងអស់ត្រូវតែយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់កិច្ចគាំពារសង្គម ចំពោះស្ត្រីនៅមូលដ្ឋាន។យល់អំពីយន្តការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគាំពារនិងអភិវឌ្ឍន៍ស្ត្រី និងស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចអភិបាលកិច្ចស្ត្រីនៅមូលដ្ឋាន។