ខេត្តស្វាយរៀងពលរដ្ឋបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលត្រូវបានសម្រេចបាន១០០%

ខេត្តស្វាយរៀង៖ខេត្ដស្វាយរៀង ជាខេត្តទីមួយ នៃព្រះរាជាណាចក្រកម្ពុជា ដែល«បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល» ស្របតាមផែនការយុទ្ធសាស្រ្ត ជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥(NSP 2014-2025) ប្រទេសកម្ពុជា ត្រូវសម្រេចឲ្យបាន១០០%ទាំងទឹកស្អាត និងអនាម័យនៅឆ្នាំ២០២៥
ខេត្តស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍ នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាងលិចនិងខាងជើងទល់នឹងខេត្តព្រៃវែង ខាងកើតនិងខាងត្បូងទល់នឹងខេត្តតៃនីញនិងខេត្ដឡុងអាន ប្រទេសវៀតណាម ។ ប្រជាជនបច្ចុប្បន្នមាន ជាង៦០ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដ មាន ២.៩៦៦,៤០ គ.ម២ បែងចែកជា ២ក្រុង (ក្រុងស្វាយរៀង និងក្រុងបាវិត) និង ៦ស្រុក (ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា) ចែកចេញជា ១២សង្កាត់ និង៦៨ឃុំ (៨០ ឃុំ-សង្កាត់) ស្មើនឹង ៦៩០ភូមិ ។
លទ្ធផលដ៏ឧដុង្គឧត្តមដែលទទួលបាននៅពេលនេះ គឺបានឆ្លើយតបទៅនឹងផែនការយុទ្ឋសាស្រ្តជាតិ(PSP) និងផែនការសកម្មភាពជាតិ(NSP) ស្តីពីការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិប្រកបដោយចរភាព(SGDs) ដើម្បីរួមចំណែកកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋ ដើម្បីដឹកនាំការងារនេះទទួលបានភាពជោគជ័យ រដ្ឋបាលខេត្តស្វាយរៀងបានបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត(PWG-RWSSH) មានឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានក្រុមការងារ មានសមាសភាពចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូនានាក្នុងខេត្ត អភិបាលក្រុងស្រុកទាំង៨ អបដោយលេខាធិការដ្ឋាននៃក្រុមការងារ ដឹកនាំដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីជំនាញ ។
ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្រុកស្វាយទាប សម្រេចODF និងបានធ្វើពិធីប្រកាសទទួលស្គាល់ផ្លូវការ ជាស្រុកទីពីរ បន្ទាប់ពីស្រុកបន្ទាយមាស ខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់មកនៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្រុករំដួលជាស្រុកទីបី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសទទួលស្គាល់ជាផ្លូវការ ជាស្រុកបានបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF District) ក្រោមអធិបតីភាពឯកឧត្ដម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ។
កំឡុងពេលរៀបចំផែនការសកម្មភាពខេត្ត ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត ជំហានទី២ ឆ្នាំ២០១៨-២០២៣ (PAP Phase II 2018-2023) ដោយមានការជម្រុញបន្ថែមពីសំណាក់ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងក្រោមការតាមដានត្រួតពិនិត្យជាប្រចាំពីឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG-RWSSH ខេត្តស្វាយរៀង ធ្វើឲ្យរដ្ឋបាលក្រុងស្រុកទាំង៨ ប្តេជ្ញាចិត្តដាក់ចេញផែនការកំណត់សម្រេចODF 100% នៅមុនបំណាច់ឆ្នាំ២០២១ ដើម្បីខេត្តស្វាយរៀងទាំងមូលឈានទៅទទួលបានជោគជ័យ ជាខេត្តទីមួយ នៃប្រទេសកម្ពុជាសម្រេចបាន ODF 100% នៅឆ្នាំ២០២២ ។
តាមរយៈការអនុវត្តសកម្មភាពជាច្រើនខាងលើ ធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង បានយល់ដឹងពីសារៈសំខាន់នៃការទម្លាប់អនាម័យល្អ ប្តូរឥរិយាបទទំលាប់អាក្រកមកល្អ តាមរយៈការសាងសង់និងប្រើប្រាស់បង្គន់អនាម័យ ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ ។ ការចូលរួមសហការរបស់អាជ្ញាធរ ក្រុងស្រុក សង្កាត់ឃុំ មេភូមិ ជនបង្គោលអនាម័យនៅមូលដ្ឋាន(វីរជនអនាម័យ) និងមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់រូបបានធ្វើឲ្យអត្រាអនាម័យបានកើនពី៩២% ទៅ១០០% នៅទូទាំងខេត្តស្វាយរៀង តាមការចុះពិនិត្យផ្ទៀងផ្ទាត់ទទួលស្គាល់ដោយគណៈកម្មការថ្នាក់ខេត្ត និងថ្នាក់ជាតិ។
សូមបញ្ជាក់ថា ៖ ក្រោមការខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅខេត្តស្វាយរៀង បានវាយតំលៃនិងប្រកាសផ្ទៃក្នុងរបស់ខេត្ត ពិតជាសម្រេចបាន ODF100% ហើយបានស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ទៀងផ្ទាត់ដោយគណៈកម្មការថ្នាក់ជាតិ កាលពីថ្ងៃទី១០-១៣ ខែមករា ឆ្នាំ២០២២ ហើយបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ តាមរបាយការណ៍របស់គណៈកម្មការថ្នាក់ជាតិ និងប្រកាសនីយប័ត្រ បញ្ចប់ការបន្ទោបង់ពាសវាលពាសកា បានប្រកាសលទ្ធផលថា ខេត្តស្វាយរៀង បានបំពេញគ្រប់លក្ខខណ្ឌ ដោយជោគជ័យ ទទួលបានជ័យលាភី «ខេត្តសម្រេចបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ជាស្ថាពរ (Open Defecation Free 100%)» និងជាខេត្តទីមួយ ក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា។(ប្រភពរដ្ឋបាលខេត្តស្វាយរៀង)គឹមសេង