អគ្គីភ័យឆាបឆេះផ្ទះមួយខ្នងនិងតូបលក់ដូរចំនួន១៦តូបនៅផ្សារស្ពឺ

0

​កំពង់ចាម : លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ​ ១ខ្នង​ រួមនឹង​តូប​លក់ដូរ​ចំនួន​១៦តូប​ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង​ ករណី​គ្រោះ​អគ្គីភ័យនេះ​បាន​កេីតមានឡេីង​កាលពី​វេលាម៉ោង​៩​ និង​៤០នាទី​យប់ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម​ ។

សមត្ថកិច្ច​​បាន​ឲ្យ​ដឹងថា​ បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមានករណី​គ្រោះអគ្គីភ័យកើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ ដឹកនាំ​កម្លាំង​ជំនាញ​ និង​រថយន្ដពន្លត់អគ្គីភ័យចំនួន​ ១គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ស្របពេលជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ស្នងការ​ ក៏បានបញ្ជាឲ្យរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានចំនួន​ ២គ្រឿង​ រថយន្ដពន្លត់អគ្គីភ័យរបស់ស្រុកកំពង់សៀមចំនួន​ ១គ្រឿង​ រថយន្ដពន្លត់អគ្គីភ័យរបស់ស្រុកស្ទឹងត្រង់ចំនួន​ ២គ្រឿង​ និងរថយន្ដពន្លត់អគ្គីភ័យរបស់ស្រុកព្រៃឈរចំនួន​ ១គ្រឿង ដើម្បីចេញទៅជួយអន្តរាគមន៍ពន្លត់ និងបង្ការទប់ស្កាត់​កុំ​ឲ្យ​ឆាបឆេះ​រាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋផ្សេងទៀត ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ នៅក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំង​ជំនាញ​បានពន្លត់ភ្លេីង​ឲ្យ​រលត់មួយរយភាគរយ និងគ្រប់គ្រងស្ថានភាពបានទាំងស្រុងអស់រយ:ពេលជាច្រើនម៉ោង​ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់រឡានទឹកអស់ចំនួន​ ៧គ្រឿង និងទឹកអស់ចំនួន ១៦រថយន្ត ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ករណី​គ្រោះ​អគ្គីភ័យនេះ​បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ​ ដែលមានដូចជា​ ផ្ទះ​១ខ្នង​ ទំហំ ៧ម៉ត្រ × ១០ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងដែក ថ្មក្រោម ម្ចាស់ឈ្មោះ ហេ វណ្ណី ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាម ។​ តូបចំនួន១៦តូប (ទំហំ៤ម x ៦ម) តូបសង់ពីដែក ជញ្ជាំងដែក ថ្មក្រោម​ ប្រក់ដែក។
ចំពោះ​មូលហេតុ​ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា​ មកពី​ឆ្លងចរន្ត​អគ្គិសនី​ ទោះជា​យ៉ាង​ណា​ករណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡេីយ ៕