ខេត្តកំពត៖ នេះជាភាពឆ្លាតវៃគួរឱ្យស្ញើចសរសើរ ខណៈដែលអាជីវករវ័យក្មេងមួយគ្រួសារចេះរកវិធីកែច្នៃ ដោយយកគ្រឿងដែកមកផ្គុំជារូបរាងយន្តហោះដើម្បីធ្វើជាកន្លែងអង្គុយញ៉ាំអាហារ ដែលមើលទៅហាក់មានភាពទាក់ទាញបំផុត។
បានជួបជាមួយអ្នកយកព័ត៌មាន អាជីវករឈ្មោះ កាកា ដែលជាម្ចាស់ទីតាំងលក់ចំណីអាហារ និងគ្រឿងក្លែម ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានប្រាប់ឱ្យដឹងថា ការច្នៃប្រឌិតកន្លែងអង្គុយញ៉ាំអាហារជារូបរាងយន្តហោះនេះ បន្ទាប់ពីរូបគាត់និងស្វាមី បានសង់ជាតូបលក់គ្រឿងក្លែមនៅទីនេះបានប្រហែល១ខែ។លុះក្រោយមកទើបគាត់និងស្វាមីគិតលៃលក រកវិធីណាដែលអាចរកចំណូលដោយសុចរិត ទើបគិតគ្នាជួលជាងដែកមកកែច្នៃផ្គុំជាតួយន្តហោះមួយគ្រឿង មានបណ្តោយប្រវែង១៥ម៉ែត្រ ទទឹង២ម៉ែត្រ ៥តឹក ដោយក្រាលជាបាតរាបស្មើ ដើម្បីងាយស្រួលដាក់តុ និងកៅអី ជាជួរ សម្រាប់តម្រូវចិត្តភ្ញៀវណាដែលចង់អង្គុយញ៉ាំអាហារ ឬ គ្រឿងក្លែម បែបរ៉ូមែនទិច។
អ្នកនាង កាកា បានបញ្ជាក់ដែរថា គ្រឿងបង្គុំដែកសង់បានទៅជាតួយន្តហោះនេះត្រូវចំណាយអស់ថវិកាប្រមាណ ៣,០០០ ដុល្លារ អាមេរិក ហើយចាប់តាំងពីសង់កន្លែងញ៉ាំគ្រឿងក្លែម ជារូបរាងយន្តហោះនោះមក បានធ្វើឱ្យមហាជន ពិសេសអ្នកដំណើរតែងតែមកចតឈប់យានយន្តនៅទីនេះដើម្បីមើលយន្តហោះ ថែមទាំងជួយទិញចំណីអាហារ ឬភេសជ្ជៈ បងប្អូនខ្លះចូលទៅអង្គុយដើម្បីកុម្ម៉ង់អាហារ ឬគ្រឿងក្លែមញ៉ាំយ៉ាងរីករាយផងដែរ។
អ្នកនាង កាកា បានបន្ថែមថា ថ្វីដ្បិតខណៈនេះអ្នកមកញ៉ាំអាហារនៅកន្លែងរបស់គាត់ហាក់នៅមានកម្រិត ប៉ុន្តែគាត់សង្ឃឹមជឿជាក់ថា អំឡុងពេលខាងមុខ មហាជន និងបងប្អូនប្រជាពលរដ្ឋដែលភាគច្រើនជាអ្នកដំណើរ នឹងជួយចូលញ៉ាំចំណីអាហាររបស់គាត់បន្តទៀត ពិសេសជួយគាំទ្រនូវការច្នៃប្រឌិតជាតួយន្តហោះ សម្រាប់អង្គុយបរិភោគអាហារប្រកបដោយផាសុខភាព ដែលអាចផ្តល់ជាសេវាអាជីវកម្ម ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារឱ្យកាន់តែមានភាពធូរធាថែមមួយកម្រិតទៀត៕ សេង ណារិទ្ធ






































