ឯកឧត្តម​ អ៊ុន​ ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់ជូនពលរដ្ឋរងគ្រោះ​ ដោយអគ្គីភ័យ​ ១៣គ្រួសារ​

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ បានអញ្ជើញនាំយក​អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ​​អគ្គីភ័យ ១៣គ្រួសារ​ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ​ ។

បន្ទាប់​ពី​បាន​ពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ ពី​សំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ឯកឧត្តម អ៊ុន​ ចាន់ដា​ បានអំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់​ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះពេលយើងចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រានហ្គាស ពន្លត់ទៀន ធូបជាមុនសិន ដើម្បីបង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀតការសង់តូបលក់ដូរឡើងវិញត្រូវតភ្ជាប់ចរន្តអគ្គិសនី ដោយរៀបចំឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដេីម្បី​ធានាសុវត្ថិភាព។
ជាមួយគ្នានោះ ឯកឧត្តមប្រធាន​ ក៏បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាពឲ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមវិធានការសុខាភិបាល “៣ការពារ ៣កុំ ” ដើម្បីជៀសផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩ បម្លែងថ្មី អូមីក្រុង ។

គួរបញ្ជាក់ថា អំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ជូនទាំង ១២គ្រួសារ ដោយមាន អង្ករ មី​ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ​ ឃីត១កញ្ចប់​ (មុង ភួយ សារុង ក្រម៉ា )​ តង់ និងអាវយឺត ។ ដោយឡែក ចំពោះថវិកាផ្តល់ជូនម្ចាស់ផ្ទះដែលខូចខាតទាំងស្រុង និងជាម្ចាស់តូបរងគ្រោះ ១គ្រួសារ ទឹកប្រាក់ចំនួន ២លានរៀល ។ ផ្តល់ជូនម្ចាស់តូបរងគ្រោះ ១០គ្រួសារ ក្នុង១គ្រួសារ ៥០​ម៉ឺនរៀល និង២គ្រួសារទៀត ដែលខូចខាត ៤០% ផ្តល់ជូន ១គ្រួសារ ៤០​ម៉ឺនរៀលផងដែរ​ ។

គួរ​រំលឹក​ថា​ ហេតុការណ៍​គ្រោះអគ្គីភ័យ​ខាងលេី​ បានកើតឡើងកាលពី​វេលាម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ ដោយ​ឆ្លងចរន្តអគ្គិសនី ផ្តើមចេញពីបង្គោលភ្លើងតាមថ្នល់ បណ្តាលឲ្យឆេះរាលដាលដល់តូបលក់ដូរទូរស័ព្ទ គ្រឿងអគ្គិសនី តូបអ៊ុតសក់ជាបន្តបន្ទាប់ ហើយបន្តរាលឆេះផ្ទះក្បឿង ទំហំ ១០ម×១៩ម នៅជាប់នឹងផ្សារស្ពឺ ផងដែរ​ ៕