ទឹកស្ទឹងជីក្រែង សៀមរាបថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៤នៅរដ្ឋបាលសាលាខេត្តសៀមរាប មានរៀបចំវេទិកាពិភាក្សារវាងគណៈកម្មការអន្តរក្រសួងដែលដឹកនាំដោយលោកញាណឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់និងលោកវេងសាខុន រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ជាមួយគណៈកម្មការខេត្តសៀមរាប ដឹកនាំដោយលោក ឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
នេះជាកិច្ចប្រជុំមួយស្តីពីការអនុវត្តការងារដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយសារតែ មានគម្រោងថ្មី ត្រូវអនុវត្តនោះគឺគម្រោងអភិវឌ្ឍធនធានទឹកស្ទឹងជីក្រែងក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីសាធា រណរដ្ឋប្រជាមានិតចិន ។អាស្រ័យដោយមានការពាក់ព័ន្ធកិច្ចប្រជុំនេះក៏មានវត្តមានចូលរួមពីសំណាក់ តំណាងក្រុមហ៊ុន គង់ តុង និង សំណាក់ អស់លោក លោកស្រី មកពីក្រសួងពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ មេភូមិ នៃឃុំទាំង០៨ របស់ស្រុកជីក្រែងចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោកឃឹមប៊ុនសុងបានគូសបញ្ជាក់ថាក្នុងនាមរដ្ឋបាលខេត្ត ក្នុងនាមប្រជាពលរដ្ឋខេត្តសៀមរាបសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់បញ្ជូនគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ តំណាងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបំពេញការងារដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ ដូចដែលបានចែងនៅក្នុងប្រធានបទ នៃកិច្ចប្រជុំនេះ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថា នេះជាការ បង្ហាញនៃការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋកម្ពុជាក្នុងដំណើរការឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅ ក្នុងការកាត់បន្ថយភាពក្រក្រី តាមរយៈនៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣
របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥និតិកាលនៃរដ្ឋសភា។ពាក់ព័ន្ធទៅនឹងប្រធានបទនៃកិច្ចពិភាក្សាគ្នានេះ លោកឃឹមប៊ុនសុងបានលើកផងដែរថាកន្លងទៅនៅពេលដែលគម្រោងសាងសង់ទំនប់ម្កាក់ នៅឃុំពង្រលើស្រុកជីក្រែងបានសម្រេចជាស្ថាបពរនោះគម្រោងនោះពិតជាបានផ្តល់នូវអត្ថប្រយោជន៍ យ៉ាងធំធេងដោយផ្ទាល់ដល់ប្រជាកសិករ នៅស្រុកជីក្រែង ដោយបានជួយឲ្យពួកគាត់បង្កើនការធ្វើប្រពលវប្បកម្ម បង្ក បង្កើនផលបង្កើនជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង។លោកអភិបាលខេត្តបានបន្តទៀតថា ឥឡូវនេះយើងមានគម្រោងថ្មីមួយទៀត គឺគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងជីក្រែង ហើយសង្ឃឹមថា គម្រោងថ្មីនេះ និង បានផ្តល់នូវឧត្តមប្រយោជន៍បន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងជីក្រែង។
ក៏ប៉ុន្តែទោះជាយ៉ាងណាយើងក៏ត្រូវបានយកចិត្តទុកដាក់អំពីផលអវិជ្ជមានផងដែរ ដែលអាចប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។ នៅក្នុងកិច្ចពិភាក្សានោះលោក ញាណ ឡេង ក៏បានលើកឡើង អំពីដំណើរអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ កន្លងមកអំពីផលប៉ះពាល់នៅលើទីតាំងសាងសង់ប្រព័ន្ធស្រោចស្រពដើម្បីលើកយកទិន្នន័យទាំងនោះ មកធ្វើការពិភាក្សាដោះស្រាយ។លោកក៏បានសុំឲ្យគ្រប់ក្រសួងដែលមានការពាក់ព័ន្ធ លើកឡើងនូវរាល់បញ្ហាដែលបានឃើញជាក់ស្តែងដើម្បីស្វែងរកឲ្យឃើញនូវការសម្រេចចិត្តមួយ ក្នុងន័យចង់បានការគាំទ្រពីសំណាក់អាជ្ញាធរមូលដ្ឋាននិងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបាននូវផលប្រយោជន៍ពីគម្រោងថ្មីនេះ។ជាមួយគ្នានោះដែរលោកក៏បានសុំឲ្យអាជ្ញាធរឃុំ ដែលទទួលផលប្រយោជន៍ពីទំនប់ម្កាក់កន្លងមកចូលរួមមានយោបល់ទៅលើគម្រោងថ្មី គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងជីក្រែង ។
មានប្រសាសន៍នោះដែរលោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម ក៏បានលើក បង្ហាញអំពីបច្ចេកទេសនៃការស្ថាបនាប្រអប់ទ្វារទឹក និង ប្រព័ន្ធស្រោចស្រព ដែលមាននៅក្នុងគម្រោងអភិវឌ្ឍន៍ធនធាន ទឹកស្ទឹងជីក្រែង របស់ក្រុមហ៊ុន គង់ តុង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានលើកឡើងផងដែរ អំពីនីតិវិធី នៃការឆ្លើយតបដោះស្រាយនូវរាល់ផលប៉ះពាល់ទាំងឡាយជូនប្រជាពលរដ្ឋ ។ ក្នុងនោះដែរ តំណាងក្រុមហ៊ុន គង់ តុង ក៏បានធ្វើការបង្ហាញផងដែរ អំពីគម្រោងសាងសង់ប្រអប់ទ្វារទឹក និង ប្រព័ន្ធស្រោចស្រពទាំង២៨គម្រោង នៅលើភូមិ សាស្ត្ររបស់ស្រុកជីក្រែង ។ នៅក្នុងកិច្ចប្រជុំនោះ បណ្តាក្រសួង មន្ទីរពាក់ព័ន្ធក៏បានធ្វើការពិភាក្សា ដោយលើកឡើងនូវរាល់គំនិតល្អៗ ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនប្រជាកសិករ ។ ក្នុងនោះលោកប្រធានក្រុមប្រឹក្សាឃុំទាំង៨ របស់ស្រុកជីក្រែង ក៏បាន សម្តែងនូវការគាំទ្រ ចំពោះនីតិវិធីនៃការអនុវត្តការងារដោះស្រាយ នៃផលប៉ះពាល់ជូនប្រជាពលរដ្ឋ ព្រមទាំងការធ្វើនូវ សំណូមពរមួយចំនួន គឺសុំឲ្យគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងជីក្រែង ជួយភ្ជាប់បន្តប្រព័ន្ធស្រោចស្រព ទៅតាមបណ្តា តំបន់មួយចំនួនទៀត នៅខាងត្បូងផ្លូវជាតិលេខ៦ ដើម្បីពង្រីកនូវសក្តានុពល លើការងារស្រោចស្រពស្រូវប្រាំង និង ស្រូវវស្សា រួមទាំងដំណាំរួមផ្សំផងដែរ ។
លោកមេឃុំទាំង៨ ក៏បានបញ្ជាក់ផងដែរ បញ្ហាផលប៉ះពាល់សម្រាប់ ប្រជាពលរដ្ឋក្នុងឃុំទាំង៨ គឺពុំមានអ្វីជាធំដុំឡើយ ។ មានប្រសាសន៍បូកសរុបកិច្ចប្រជុំពិភាក្សានោះលោកញាណឡេងក៏បានលើកឡើងថា គ្រប់បណ្តាគម្រោងទាំង២៨នេះ សូមឲ្យក្រុមហ៊ុនធ្វើការត្រួតពិនិត្យ ពិភាក្សា និង សហការគ្នាឲ្យបានល្អ ជាមួយក្រសួង មន្ទីរជំនាញព្រមទាំងសូមឲ្យក្រុមការងារនិងអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ អំពីគោលនយោបាយដោះស្រាយ ផលប៉ះពាល់ ។ ឯកឧត្តមក៏បានធ្វើការឯកភាពនូវរាល់មតិយោបល់ ដែលអាជ្ញាធរខេត្ត និង បណ្តាមន្ទីរជំនាញ អាជ្ញាធរ ឃុំ ដែលបានលើកឡើង ក្នុងគោលដៅការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។ លោកញាណ ឡេង ក៏បានលើក ឡើងអំពីកំណើននៃវិស័យកសិកម្មដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ តាមរយៈនៃការថែរក្សានិងបង្កើនប្រព័ន្ធស្រោចស្រពនៅតាមបណ្តាមូលដ្ឋានជូនប្រជាកសិករ។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរអំពីលទ្ធផលដែលកើតចេញនៃវេទិកាពិភាក្សានេះនឹង បាននាំមកនូវផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋស្រុកជីក្រែង តាមរយៈនយោបាយទឹក របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការផ្តល់នូវហិរញ្ញប្បទានសហប្រតិបត្តិការ ពីសាធា រណរដ្ឋប្រជាមានិតចិន ៕


































