ប្រជាពលរដ្ឋរាប់សិបគ្រួសារ ប្រតិកម្មនឹងបុគ្គលឈ្មោះលី ចេង ដែលបានប្រើប្រាស់ដាវ កាំបិត ការស្លៀកពាក់ឯកសណ្ឋានយោធា និងការដើរគម្រាមយកដីរបស់ពួកគាត់ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋរាប់សិបគ្រួសារ បានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន គ្រាដែលមានបុគ្គលឈ្មោះ លី ចេង ត្រូវប្រជាពលរដ្ឋនិយាយថា តែងបានប្រើប្រាស់ដាវសាំម៉ូរ៉ៃ កាំបិតស្នៀត កាបិតផ្គាក់ ការស្លៀកពាក់ឯកសណ្ឋានយោធា និងការប្រើលិខិត ឯកសារក្លែងបន្លំ ដើម្បីគម្រាមកំហែងអាយុដល់ជីវិត និងតែងបង្កជម្លោះដណ្តើមដីជាមួយប្រជាពលរដ្ឋ មានរយៈពេលច្រើនឆ្នាំមកហើយ។ ប៉ុន្តែ អាជ្ញាធរនៅក្នុងមូលដ្ឋាន ហាក់ពុំទាន់មានវិធានការ ឬចំណាត់ការណាមួយ ទៅលើបុគ្គលឈ្មោះ លី ចេង នោះនៅឡើយទេ។ មិនតែប៉ុណ្ណោះ បុគ្គលរូបនោះ បានប្តឹងប្រជាពលរដ្ឋទៅតុលាការ ថែមទៀតផង។

នៅរសៀលថ្ងៃទី៥កុម្ភះនេះ មានប្រជាពលរដ្ឋប្រមាណជាង ២០គ្រួសារ ក្នុងចំណោមរាប់សិបគ្រួសារទៀត មកពីភូមិគុណភាព ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ និងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានមកប្រមូលផ្តុំគ្នា នៅជិតអូរចង្ហារ ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដើម្បីស្នើឲ្យអាជ្ញាធរមូលដ្ឋាន នៅថ្នាក់ក្រោមជាតិ និងអាជ្ញាធរថ្នាក់ជាតិ ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយរកកិច្ចអន្តរាគមន៍ និងមានវិធានការច្បាប់ ទៅលើបុគ្គលឈ្មោះ លី ចេង នោះ ដែលពួកគាត់បានចោទ លោក លី ចេង ថាបានប្រើប្រាស់ឯកសារក្លែងបន្លំយកដីរបស់ពួកគាត់ ការប្រើប្រាស់ដាវ កាំបិតស្នៀត កាំបិតផ្គាក់ ជាការគម្រាមយកដីពីពួកគាត់ជាច្រើនគ្រួសារ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានប្រមាថដល់អាយុជីវិតថែមទៀតផង។ ចំណែក អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ហាក់ពុំទាន់មានចំណាត់ការ និងជួយដោះស្រាយបញ្ហាជូនពួកគាត់នៅឡើយ។

ប្រធានភូមិគុណភាព នៃខេត្តព្រះវិហារ លោក ពុយ សូ និងប្រជាពលរដ្ឋ បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ បានចាញ់ការបោកបញ្ឆោតរបស់ លោក លី ចេង ដោយតម្រូវឲ្យផ្តិតមេដៃ ដើម្បីទទួលបានលុយ និងការជួយការពារដីទាំងនោះបានដោយស្របច្បាប់។ ប៉ុន្តែ ក្រោយមកអ្នកដែលផ្តិតមេដៃទាំងអស់ គឺជាស្នាមមេដៃលក់ដីឲ្យលោក លី ចេង មានទំហំចំនួនតែមួយអំពកតូចប៉ុណ្ណោះ តែត្រូវបានគេសរសេរនៅក្នុងលិខិតបញ្ជាក់ថា ពលរដ្ឋទាំងនោះលក់ដីក្នុងទំហំច្រើនរយហិចតាឲ្យគេទៅវិញ។ កត្តានេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ខ្លាចមានការពាក់ព័ន្ធនឹងផ្លូវច្បាប់នៅថ្ងៃក្រោយ។

ដោយឡែក មេឃុំអន្លង់ជ្រៃ ខេត្តស្ទឹងត្រែង លោក ព្រំ យ៉ា បានឲ្យដឹងថា ចំពោះការចោទរបស់ប្រជាពលរដ្ឋ ទៅលើលោក លី ចេង ថាបានប្រើដាវ កាំបិតស្នៀត ការប្រើប្រាស់ឯកសណ្ឋានយោធា ការក្លែងបន្លំឯកសារទិញដី និងការគម្រាមយកដីពីប្រជាពលរដ្ឋ លោកមិនបានដឹងនោះទេ។ តែលោកទទួលស្គាល់ថា លោក លី ចេង បានទិញដីពីប្រជាពលរដ្ឋនៅភូមិគុណភាព ខេត្តព្រះវិហារ ចំនួន ១០នាក់ ស្មើនឹង ១០ប្លង់ និងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិស្រឡៅ ខេត្តស្ទឹងត្រែង បានទៅទន្ទ្រានយកដី លោក លី ចេង នៅចំណុចអូរចង្ហា ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ចំណែក លោក លី ចេង ក៏បានប្រាប់អ្នកសារព័ត៌មានឲ្យដឹង ប្រហាក់ប្រហែលគ្នានឹងការលើកឡើងរបស់លោក ព្រំ យ៉ា មេឃុំអន្លង់ជ្រៃ នោះដែរ ដោយថា លោកមិនដែលបានទន្ទ្រានយកដី គម្រាមកំហែង ឬការប្រមាថប្រើអំពើហឹង្សា រកការកាប់ វាយតប់ដល់ប្រជាពលរដ្ឋទាំងនោះឡើយ។

ស្របពេលដែលលោក លី ចេង កំពុងរងការចោទប្រកាន់ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះ កាលពីថ្ងៃទី១៦មករា កន្លងមកនេះ លោក លី ចេង ក៏បាននាំយកគ្រឿងចក្រ ១គ្រឿង ទៅភ្ជួរនៅលើផ្ទៃដីមួយកន្លែង នៅក្នុងមូលដ្ឋាននោះ ក្នុងខណៈនោះ ក៏ត្រូវបានកម្លាំងស្នាក់ការស្រាវជ្រាវកងទ័ពជើងគោក ប្រចាំខេត្តស្ទឹងត្រែង ចុះស្រាវជ្រាវ និងការប្រមូលយកព័ត៌មាន ដើម្បីរាយការណ៍ជូនថ្នាក់លើ ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ថា លោក លី ចេង តែងប្រើដាវសាំម៉ូរ៉ៃ កាំបិតស្នៀត ការស្លៀកពាក់ឯកសណ្ឋានយោធា និងសង្ស័យពីការលួចលាក់ប្រើប្រាស់អាវុធខ្យល់កែច្នៃ ដោយខុសច្បាប់ ផងទៀត។

មន្ត្រីស្នាក់ការស្រាវជ្រាវកងទ័ពជើងគោក ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅពេលខ្លួនចុះទៅដល់ទីតាំងដីមួយកន្លែងនោះ ក៏បានប្រទះឃើញ លោក លី ចេង កំពុងធ្វើសកម្មភាពភ្ជួរដី នៅពេលនោះ លោក លី ចេង បានបើកត្រាក់ទ័រមកកៀររថយន្តលោករងការខូចខាត និងបានយកកាំបិតខ្វែងដេញកាប់មន្ត្រីស្រាវជ្រាវ។ លោកថា ដើម្បីរារាំងការដេញកាប់មន្ត្រីរបស់ខ្លួន លោកប្រធានស្នាក់ការស្រាវជ្រាវ បានបង្ខំចិត្តដកកាំភ្លើងខ្លីបាញ់ឡើងលើ ១គ្រាប់ តែលោក លី ចេង នៅតែមិនព្រមឈប់ លោកក៏បានសម្រេចចិត្តបាញ់បំបែកកង់ត្រាក់ទ័រខាងមុខ ១គ្រាប់ទៀត ដើម្បីការពារខ្លួន។

លោកបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ លោកក៏បានរាយការណ៍ជូន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ហើយកម្លាំងប៉ុស្តិ័នគរបាលរដ្ឋបាលឃុំអន្លង់ជ្រៃ និងអធិការនគរបាលស្រុកថាឡាបរិវ៉ាត់ ក៏បានដឹកនាំកម្លាំងចុះស្រាវជ្រាវនៅកន្លែងកើតហេតុ និងបាននាំយកត្រាក់ទ័រ រថយន្ត និងសំបកកាទុស្ស ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើកំណត់ហេតុជូនថ្នាក់លើ។ តែលោក លី ចេង បានបញ្ជាក់ថា កម្លាំងស្រាវជ្រាវនោះទៅវិញទេ ដែលបានបើករថយន្តមកបុកត្រាក់ទ័ររបស់គាត់។

សាក្សីដែលបានឃើញហេតុការណ៍នេះ លោក សុខ យឿន បានបញ្ជាក់ថា លោកពិតជាបានឃើញ លោក លី ចេង បើកត្រាក់ទ័រកៀររថយន្ត និងបានដេញកាប់ កម្លាំងស្រាវជ្រាវកងទ័ពជើងគោកនោះពិតប្រាកដមែន គ្រាដែលលោកកំពុងស្ថិតនៅលើដំបូលផ្ទះ៕