អ្នកស្រុកអង្គរតែងតែប្រារព្ធពិធីឡើងមាឃ ឬពិធីបុណ្យឡើងអ្នកតា ដើម្បីសុំសេចក្តីសុខជារៀងរាល់ឆ្នាំ

0

សៀមរាប៖ ជារៀងរាល់ឆ្នាំនាថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរឬនៅជុំវិញនោះ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន នៅក្នុងឆ្នាំ២០២២នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ អ្នកស្រុកក្នុងតំបន់អង្គរក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ប្រាសាទវត្តអធ្វា អ្នកតាបាក់រទេះក្នុងភូមិនគរក្រៅ និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងតំបន់ ដើម្បីប្រារព្ធពិធីឡើងមាឃឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើនដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ទាំងនេះសបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីពីបុរាណកាលដែលបានបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។
ការប្រារព្ធពិធីឡើងមាឃ ក្នុងបំណងដើម្បីសុំសេចក្តីសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ការធ្វើកសិកម្ម ដីមានជីជាតិឱ្យកើតស្រូវកើតអង្ករ និងសម្តែងនូវសេចក្តីអំណរគុណដល់អ្នកតាដែលបានធ្វើតាមសំណូមពរកាលពីចាស់ បានផ្តល់ទឹកភ្លៀង ដីមានជីវជាតិ បានភោគផលល្អ។

លោកយាយ កែវ ចន្ថូ រស់នៅភូមិវាល សង្កាត់គោកចក ចូលរួមក្នុងពិធីឡើងមាឃនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា តាមទំនៀមប្រពៃណីពីបុរាណកាលមក មិនដែលខកខានឡើយ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ប្រជាពលរដ្ឋតែងតែមានការជួបជុំគ្នា ប្រារព្ធពីធីឡើងមាឃ ឬឡើងអ្នកតា នៅមុខអ្នកតារាជ្យខាងមុខប្រាសាទអង្គរវត្ត ដើម្បីសុំសេចក្តីចម្រើន ទៅតាមជំនឿរបស់ខ្លួន។

សូមបញ្ជាក់ថា ពិធីឡើងមាឃ ឬឡើងអ្នកតា ប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មញ្ញសាសនាផង ដោយពេលព្រឹកព្រលឹម មានពិធីនិមន្តព្រះសង្ឃសូទ្រមន្តចម្រើនព្រះបរិត្ត និងវេភត្តហាប្រគេនព្រះសង្ឃ និងពេលរសៀល មានរៀបចំជាគ្រឿងសក្តារៈ ដង្វាយបូជា ការប្រគុំភ្លេងពិណពាទ្យ និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ៕