ខេត្តកំពង់ឆ្នាំង: ប្រជាពលរដ្ឋនិយាយថា ចំណាត់ការអភិបាលខេត្តកំពង់ឆ្នាំង បង្ក្រាបបទ ល្មើសនេសាទនៅស្រុកជលគីរី ក្លាយជាចំណាត់ខ្យល់ ដោយសារតែទង្វើរថ្ពិនភ្នែក របស់សមត្ថកិច្ច រដ្ឋបាលជលផលនិងអាជ្ញាធរស្រុកជលគីរី។ បច្ចុប្បន្នរបាំងរ៉ាវសាច់អួន ជាច្រើនរបាំងបានកើតមាននៅចំណុច ព្រែកសេះ ទ្វាចំរៀកនិង ចំណុចក បឹងក្រាយ ស្ថិតនៅឃុំពាមឆ្កោកនិងឃុំព្រៃគ្រី ហើយរបាំងទាំងនេះ បានកើតតាំងពីរដូវបិទ នេសាទដំបូងរហូតមកទល់បច្ចុប្បន្ន ក្រោមរូបភាពបើកភ្លើងខៀវរបស់សមត្ថកិច្ចអាជ្ញាធរស្រុកជលគី រីនិងសមត្ថកិច្ចរដ្ឋបាលជលផល សង្កាត់ជលគីរី។
ប្រជាពលរដ្ឋទាំងនោះបានបន្តថា របាំងរ៉ាវសាច់អួនទាំងនោះ មានឡុកពី៣ទៅ៥ឡុកនិង មានប្រវែងរាប់រយម៉ែត្រ ហើយអ្នកប្រព្រឹត្តបទល្មើសទាំងនោះ សុទ្ធតែជាអ្នកមានលុយនិងជាមនុស្ស ជិតស្និតនិងសមត្ថកិច្ចខាងលើ ហើយក្នុងនោះ មានឈ្មោះស៊ីម ដាក់របាំងនៅចំណុចព្រែកសេះ បាន យកឈ្មោះចៅហ្វាយស្រុក ជលគីរី បន្លាចគេថា ជាប្អូនធ៌ម ចៅហ្វាយស្រុកទៀតផង ។ ប្រជាពលរដ្ឋបានបន្តថា ពួកគាត់មិនដឹងថាជាពិតឬយ៉ាងណានោះទេ ប៉ុន្តែនៅចំណុចព្រែក សេះនេះ គឺមានរបាំង បងប្អូនបង្កើតឈ្មោះស៊ីម មានចំនួន៥នាក់ ស្មើនឹង៥របាំង ក្នុងរបាំងនីមួយៗ មានឡុកពី៣ទៅ៥ ឡុកនិងមានប្រវែងរាប់រយម៉ែត្រ ហើយរបាំងទាំងនេះនិងរបាំងនៅចំណុចទ្វាចំ រៀកនិងបឹងក្រាយនេះ មិនដែលឃើញមានការបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះទេ ពោលគឺប្រៀប បាននឹងស្តាយវាយគោញ៉ាក់ខ្សែ។ ទាក់ទិនបទល្មើសនេសាទនិងប្រភពព័ត៌មានខាងលើនេះកម្ពុជាថ្មី បានទូស័ព្ទសុំបំភ្លឺ ពីលោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំងកាលពីចុងខែសីហានេះ ត្រូវបានលោកឆ្លើយតបថា ករណីនេះ លោកទើបនឹងចេញបញ្ជាឲ្យជលផលនិងស្រុករួច ហេតុអីបទល្មើសទាំងនោះ នៅមាន ។
លោកអភិបាលខេត្ត បញ្ចាក់ថា រង់ចាំលោកសួរទៅលោកនាយខណ្ឌរដ្ឋបាលជលផលនិងស្រុកសិន ហើយលោកនឹងមានចំណាត់ការបន្ត ប៉ុន្តែជាក់ស្ដែងរហួតមកទល់ថ្ងៃនេះ បទល្មើសរបាំងរ៉ាវនៅ ចំណុចនោះ នៅមានដដែលនិងកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងទៀតផង ជាមួយគ្នានឹងការ ចេញបង្ក្រាបរបស់សមត្ថកិច្ចរដ្ឋបាលជលផល សង្កាត់ជលគីរី ជាច្រើនលើក ប៉ុន្តែពុំបានបង្ក្រាប បទល្មើសនៅចំណុចខាងលើនេះទេ។ លោកសុង សារឿន នាយសង្កាត់រដ្ឋបាលជលផល ជលគីរីបានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះថា ច្បាប់ចេញក្រោយនេះ គឺអាជ្ញាធស្រុកជាអ្នកទទួលខុសត្រូវ ដូច្នេះ ទាល់តែមានបញ្ជាពីលោកអភិបាលស្រុក ទើបគាត់(ជលផល)ទៅបង្ក្រាបនៅចំណុចនោះ។
លោកយិន សាវេន អភិបាលស្រុកជលគីរី បានសើចរបៀបហួសចិត្តហើយតបនឹងសំណួរ អ្នកសារព័ត៌មានថា ម្ដេចបានជាជលផលនិយាយបែបនេះ សូមទៅគាត់ម្ដងទៀត។ អ្នកស្និទ្ធនឹងលោក យិន សាវេន អភិបាលស្រុកជាច្រើននាក់និងអ្នកដាក់របាំងរ៉ាវនេះ ខ្លះ បានអះអាងថា នៅចំណុចព្រែសេះនោះ គឺជាកន្លែងត្រីត្រូវ ហេតុនេះ ធ្វើឲ្យឈ្មោះស៊ីម ត្រូវប៉ាន់និង ទិញឧបករណ៍របាំងបន្ថែមជាបន្តបន្ទាប់ ដើម្បីពង្រីកបទល្មើសរបស់ខ្លួន
ចំណែកឈ្មោះស៊ីម យកឈ្មោះចៅហ្វាយស្រុកទៅអះអាងជាបងធ៌មនោះ គឺចេះតែថានោះទេ តាមពិតរឿងនេះត្រូវបាន លោកអភិបាលស្រុក ព្រមានឈ្មោះស៊ីមជាច្រើនដងមកហើយ ជាមួយគ្នាសកម្មភាពល្មើសច្បាប់ របស់ឈ្មោះស៊ីមនោះផង ប៉ុន្តែទោះជាយ៉ាងក្ដី ប្រជាពលរដ្ឋសុំឲ្យលោក សេង ប៊ុនឈឿន នាយ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនិងលោកឈួរ ចាន់ឌឿន អភិបាលខេត្តមេត្តាចំណាត់ ឲ្យប្រសិទ្ធ ភាព តម្លាភាពនិងយុត្តិធ៌ម ក្នុងការបង្ក្រាប ៕