កម្មករសំណង់៣សញ្ជាតិបើកឆាកប្រយុទ្ធគ្នាទីបំផុតសល់អ្នករបួសជាង១០នាក់លើសមរភូមិ

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានអ្នករងរបួសជាង១០នាក់ដែរ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការបើកឆាកប្រយុទ្ធគ្នាដូចគោហ្វូង រវាងកម្មករសំណង់ ៣ សញ្ជាតិ សរុបប្រមាណជាង៥០នាក់ ដែលម្នាក់ៗប្រដាប់ដោយអាវុធ កែវ និងដបស្រា ។

យោងតាមការផ្សាយរបស់គេហទំព័រ ក្នុងប្រទេសថៃ បានបញ្ជាក់ថា ហេតុការណ៍ដ៏គួរអោយស្រៀវឆ្អឹងខ្នងនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទី យប់ ថ្ងៃទី ៦ ខែកុម្ភ: ឆ្នាំ២០២២ ក្នុងបរិវេណអគារស្នាក់នៅរបស់កម្មករសំណង់មួយកន្លែង ដែលស្នាក់នៅចម្រុះគ្នា ( ថៃ ខ្មែរ ភូមា ) ស្ថិតក្នុងឃុំបាងប្ល៉ា ស្រុកបាងព្លី ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ។

ព័ត៌មានដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺមានកម្មករសំណង់មួយក្រុម ដែលក្នុងនោះមានខ្មែរ និងថៃ បាននាំគ្នាផឹកសុីលេងនៅខាងមុខបន្ទប់ស្នាក់នៅរបស់ពួកគេ ។ ខណ:ដែលពួកគេកំពុងនិយាយគ្នាលេងសើចសប្បាយ ក៏ស្រាប់តែមានកម្មករជនជាតិភូមាមួយក្រុម ដែលមិនដឹងជាចេញមកពីណា បានធ្វើការគប់ដបស្រា និងកែវ មកលើចំណោមមនុស្សដែលកំពុងផឹកសុី បង្កទៅជាទំនាស់និងចាប់ផ្តើមគប់ទៅវិញទៅមក ដែលនៅពេលនោះ សរិបនៅលើទីលានប្រយុទ្ធមានមនុស្សប្រមាណជាង៥០នាក់ដោយមិនដឹងមូលហេតុ។

ភ្លាមៗនោះដែរ ក្រុមតម្រួតសរុបប្រមាណ២០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលមកបង្ក្រាបក្រុម៣សញ្ជាតិ រហូតស្ងប់ស្ងាត់ទៅវិញ ដោយបន្សល់នូវអ្នករបួសនឹងអំបែង ឈាមពេញប្រាណ ប្រមាណ ជាង១០នាក់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ តម្រួតថៃបានកោះហៅអ្នកគ្រប់គ្រងអគារស្នាក់នៅ និងមេការគ្រប់គ្រងកម្មករសំណង់ អោយចូលទៅបំភ្លឺជុំវិញករណីនេះ ព្រមទាំងបានធ្វើការស្រាវជ្រាវរកជនបង្កដើម្បីសាកសួរអំពីមូលហេតុ និងបញ្ជូនខ្លួនទៅតុលាការ ៕ អត្ថបទ : ព្រាប.ស