ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបដេកលក់ កូនចៅជលផលបើកដៃឲ្យឈ្មួញប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ពេញផ្ទៃទឹក

0

សៀមរាប៖ បទល្មើសនេសាទកើតមានឡើងពេញបន្ទុក ទាំងប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប សម្រាន្តលង់លក់ កូនចៅជលផលមានឳកាសបើកដៃឲ្យ ប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ពេញផ្ទៃទឹក ដោយមិនខ្វល់ពីបទបញ្ជា០០១របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ដែលបានហាមឃាត់មិនអនុញ្ញាតិឲ្យមានការប្រើប្រាស់ ឧបករណ៍ដែលត្រូវបានហាម និងបង្ករឲ្យមានការស្ទះចរាចរណ៍ត្រី ។
ជាក់ស្តែងបទល្មើសនេសាទពេញបន្ទុក បានកើតឡើងដោយសារតែ មានការអសមត្ថភាពរបស់មន្រ្តីជលផល បានព្រងើយកន្តើយលះឡឺយ និងតួនាទីភារកិច្ច បណ្តែតបណ្តោយឲ្យមានរបាំងសាច់អ៊ុយជាច្រើនឡុក បោះជម្រឹងរាយសាច់អួនដាក់ (ប) ឧបករណ៍ថ្មីនេសាទត្រីជាច្រើនពាន់ម៉ែត្រ ស្ថិតនៅក្នុងបឹងទន្លេសាប ក្នុងខេត្តសៀមរាប នៅចំណុចមាត់ពាម ភូមិមេជ្រៃ ស្ថិតក្នុងឃុំកែវពណ៌ ស្រុកពួកខេត្តសៀមរាប ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយ លោក យឹម ជីវ័ន សង្កាត់រដ្ឋបាលជលផលមេជ្រៃ មឆ្ឆាជាតិនិងត្រូវរលាយ ដោយសារលោក មិនមានចំណាត់ការបង្ក្រាបបទល្មើសនេះសោះ។
សេចក្តីរាយការណ៍ បានបញ្ជាក់ថា មានបទល្មើសនេសាទជាច្រើនករណី បានកើតឡើង ដែលត្រូវបានគេដឹងថា មានការឃុបឃិតគ្នាជាប្រព័ន្ឋ ពីសំណាក់សមត្ថកិច្ចជំនាញ ទើបមន្រ្តីជំនាញដែលបាន គ្រប់គ្រង់ដោយ ផ្នែករដ្្ឋបាលជលផល​ចុងឃ្នាស.ផ្នែក​រដ្ឋបាលជលផល​ក្រឡាញ់​ រួមទាំងសង្កាត់រដ្ឋបាលជលផលភ្នំក្រោម សង្កាត់រដ្ឋបាលជលផលមេជ្រៃ កើតជម្ងឺស្ពឹកដៃជើង ពុំអាចនិងចុះបង្រ្កាបបទល្មើសនេសាទ ដែលកើតមានឡើងក្នុងដែនភូមិសាស្រ្តរបស់ខ្លួនបានឡើយ មឆ្ឆាជាតិនិងត្រូវរលាយជាមិនខាន បើសិនជា លោកនាយខណ្ឌរដ្ឋបាលជលផល និងលោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាប មិនមានសមត្ថភាពក្នុងការពង្រឹងគុណភាព មន្រ្តីក្រោមឳវាទ ឲ្យចុះបង្រ្កាបបទល្មើសនេសាទ ទាំងរដូវប្រាំង និងរដូវវស្សា ។

មហាជនបានទទូចនិងសំនូមពរ ឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមមេត្តាប្រើកណ្តាប់ដៃដែក បំបែកបទល្មើសនេសាទនៅក្នុង ផ្នែករដ្ឋាបាលជលផល​ចុងឃ្នៀ​សផង ដោយសារតែមន្រ្តីពាក់ព័ន្ឋមួយចំនួន ពុំមានលទ្ធភាពក្នុងការបង្រ្កាបបទល្មើសនេសាទនោះឡើយ ដោយមានការព្រួយបារម្ភណ៍ មឆ្ឆាជាតិរលាយ សូមលោកអភិបាលខេត្តសៀមរាប ជួយមានវិធានការផងទាន។
ដោយ ជួប សាមិត្ត