ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលជលផល ភាគីជាតិ-អន្តរជាតិ ពាក់ព័ន្ធទាំងអស់ ដែលបានសហការ ជំរុញ និងគាំទ្រឲ្យមាន ពិធីចុះហត្ថលេខា និងដាក់ឲ្យដំណើរការជាផ្លូវការនូវថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ តាមមាគារមួយគឺរួម
ចំណែកអភិវឌ្ឍអនុវិស័យជលផល តាមរយ:ការកសាងភាពជាដៃគូរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ដោយឈរលើមូលដ្ឋានសំខាន់ៗ ៣ គឺ៖១- ភាពចាំបាច់នៃការជំរុញពិពិធកម្មអនុវិស័យជលផល សំដៅដល់ការកែច្នៃ និងនាំចេញ ២- ពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍របស់គ្រឹះស្ថានឧត្តមសិក្សា ដែលអាចសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយ និងអនុវត្តជាក់ស្តែង៣- ជំរុញ និងគាំទ្រដល់ការកែច្នៃ ដែលនាំទៅដល់ការប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមក្នុងស្រុក ជំរុញដល់ការពង្រីកវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ស្ថិតក្នុងបរិបទនេះគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវ គឺជាដៃគូរសមស្របបំផុតសម្រាប់ជួយវិស័យឯកជន ដើម្បីធ្វើការកែលម្អគុណភាព នវានុវត្តន៍ផលិតផល និងដោះស្រាយបញ្ហា។ ហេតុដូច្នេះហើយ បានជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ បាននឹងកំពុងធ្វើកិច្ចការសំខាន់ពីរ៖ ១. ការចរចារជាមួយភាគីចិន ដើម្បីនាំត្រីប្រាកម្ពុជាទៅកាន់ប្រទេសចិន និងទី២. ការធ្វើពិពិធកម្មផលិតផល កែលម្អខ្សែច្រវាក់ផលិតកម្ម និងកែច្នៃ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ស្តង់ដារផលិត គុណភាព សុវត្ថិភាព ខ្សែច្រវាក់តម្លៃបន្ថែម និងកំណើនប្រាក់ចំណូលរបស់វារីវប្បករ។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលជលផល លើកិច្ចការចរចារជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយសង្ឃឹមថា កិច្ចសហការនេះ នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងពិតប្រាកដជូនវារីវប្បករ និងអ្នកបរិភោគ និងជាពិសេសដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីពិនិត្យពិចារណាផ្តល់ការគាំទ្របន្ថែម និងធ្វើការវិនិយោគលើអនុវិស័យកែច្នែផលិតផលវារីវប្បកម្មនាពេលអនាគត ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខានាពេលនេះ ពិតជាជំហានចាប់ផ្តើមថ្មីមួយទៀត ដែលត្រូវនាំគ្នាដើរឲ្យដល់គោលដៅរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០-២០៥០ ហើយលោកបានបង្ហាញឆន្ទ:គាំទ្រយ៉ាងពេញលេញចំពោះការបង្កើត និងដាក់ឱ្យដំណើរការថ្នាលស្រាវជ្រាវ នវានុវត្តន៍ និង បច្ចេកវិទ្យាអាហារនាពេលនេះ។
ការចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ នៃពិធីចុះហត្ថលេខានេះធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វល់ឡឺរ៉ូយ៉ាល់ ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ កាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមនឹងភ្ញៀវជាតិ អន្តរជាតិ អញ្ជើញចូលរួម។
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក អាលី បាដា នេ (Ali Badarneh) នាយកផ្នែកប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៃអង្គការ UNIDO បានរំលេចអំពីអត្ថប្រយោជន៍នៃកិច្ចសហការរវាងគ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបានក្នុងការជំរុញ គាំទ្រដល់ការអភិវឌ្ឍអនុវិស័យជលផល ទាំងផ្នែកវារីវប្ប កម្មទឹកសាប និងសមុទ្រ ការកែច្នៃ និងការនាំចេញ ដោយត្រូវធានាឲ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារក្នុងស្រុក និងនាំចេញ។ ពិធីនេះគឺជាជំហានថ្មីមួយទៀតសម្រាប់អនុវិស័យជលផល ឈានឆ្ពោះទៅរកការអភិវឌ្ឍ ចំទិសដៅ ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០៕





































