កំពង់ឆ្នាំង៖ចោរជើងល្អ២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងធ្វើ ការចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីរូបគេទាំង២នាក់បានព្យាយាមលក់ម៉ូតូសណ្តោងលក់ទឹកកកឈូស ទៅអោយប្រជាពលរដ្ឋម្នាក់នៅក្នុងក្រុងកំពង់ឆ្នាំងក្រោយពីពួកគេបានលួចយកមកពី
ភ្នំពេញ។ ករណីចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងតែម្តង។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ជនសង្ស័យទាំងពីរនា់ប្តីប្រពន្ធមានឈ្មោះ ចឹង យ៉ាងតឹង អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះ វ៉ឺន អ៊ឺន អាយុ៣៣ឆ្នាំ មានផ្ទៃពោះចំនួន៦ខែ រស់នៅផ្ទះជួល ម្តុំបឹងសាឡាង ក្រុងភ្នំពេញ។នៅមុនពេលចាប់ខ្លួន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ពួកគេបានយកម៉ូតូសណ្តោងដែលមានដាក់ស្លាកលក់ទឹកកកឈូសមួយគ្រឿងទៅលក់នៅចុងកោះ ផ្សារក្រោម អោយទៅប្រជាពលរដ្ឋម្នាក់ឈ្មោះ ជា ជ្រុយ អាយុ៥៥ឆ្នាំ រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងក្នុងតំលៃ២៥០ដុល្លា។ក្រោយពីព្រមគ្នារួចមកឈ្មោះ ជា ជ្រុយ បានកក់ប្រាក់អោយចំនួន៤០ដុល្លា ហើយនៅសល់២១០ដុល្លាទៀត ត្រូវប្រគល់អោយនៅថ្ងៃ០៤ ខែកញ្ញានេះ។
លុះព្រឹកឡើងថ្ងៃទី០៤នេះ ជនសង្ស័យទាំង២នាក់បានយកលុយនៅសល់តាមពេល កំណត់ ក៍ប៉ុន្តែអ្នកទិញគាត់មានការសង្ស័យបាននាំជនសង្ស័យទាំងនាក់ទៅធ្វើកិច្ចសន្យានិងប្រគល់ប្រាក់នៅមុខសមត្ថកិច្ច។ក្រោយពីបានសួរនាំរកអត្តសញ្ញាណម៉ូតូរួចមក ទើប សមត្ថកិច្ចដឹងថា គេទាំង២នាក់ជាចោរលួចម៉ូតូគេពីភ្នំពេញមកលក់នៅកំពង់ឆ្នាំង ហើយបានឃាត់ខ្លួនពួកគេនៅអធិការដ្ឋានក្រុងកំពង់ឆ្នាំង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ ពួកគេបានលួចម៉ូតូសណ្តោងនេះពីម្តុំផ្សារដើមគរ ក្រុងភ្នំពេញ ហើយបានជិះយកមកលក់អោយឈ្មោះជា ជ្រុយ នៅកំពង់ឆ្នាំងទើបត្រូវសមត្ថកិច្ចចាប់បានពេលនេះតែម្តង។
វត្ថុតាងដែលរកឃើញនៅក្នុងថង់យួររបស់ជនសង្ស័យ មានផ្លែឡាមចំនួន៣ផ្លែសំរាប់វះកាបូបយករបស់របរនៅក្នុងទីប្រជុំជន និងកាវ៥០២មួយដបសំរាប់ដាក់អោយស្អិតពេលពួកគេថ្ពក់យករបស់ផ្សេងៗនៅតាមបង្អួចលំនៅដ្ឋានប្រជាពលរដ្ឋ ផ្ទះសំណាក់ និងសណ្ឋាគារផ្សេងៗ។ល។
ជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងតាមនិតិវិធីបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចំណាត់ការបញ្ជូនបន្តទៅតុលាការខេត្ត។ ចំណែកប្រពន្ធដែលមានផ្ទៃពោះ៦ខែនោះ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ នឹងធ្វើការដោះលែងអោយទៅលំនៅដ្ឋានវិញ៕





































