ខេត្តបាត់ដំបង: ប្រជាពលរដ្ឋដែលរស់នៅជាមួយជំងឺអេដស៍ អស់រយៈកាល៧ឆ្នាំមកហើយ ចំនួន១០០គ្រួសារ រស់នៅឃុំរការ បានមកទទួលបាន
អំណោយមនុស្សធម៌មួយចំនួនពីសប្បុរសជន នៅមន្ទីរពេទ្របង្អែក ឃុំរកា ក្នុងស្រុកសង្កែ ដើម្បីបន្តការរស់រាន មានជីវិតទៅមុខទៀត កាលពីព្រឹកថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២២។
លោកវេជ្ជបណ្ឌិត ស៊ូ សានិត អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអោយដឹងថា អំណោយនេះ គឺជាការចូលរួមចំណែករំលែកការលំបាកបងប្អូន ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ក្នុងពេលទើបតែទទួលរងផលប៉ះពាល់ដោយកូវីដ និងរួមចំណែក ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការឆ្លើយតបការងារអេដស៍ក្នុងសហគមន៍ តាមរយៈការកៀងគរធនធាន។
យ៉ាងណាមិញ គិតមកដល់បច្ចុប្បន្ននេះ បងប្អូនរងគ្រោះនៅឃុំរកា គឺបានរស់នៅជាមួយរោគអេដស៍៧ឆ្នាំមកហើយ ក្នុងនាមជាថ្នាក់ដឹកនាំសុខាភិបាល បានអំពាវនាវឲ្យបងប្អូនថែទាំសុខភាព លេបថ្នាំឲ្យបានទៀងទាត់ និងទប់ស្កាត់នឹងប៉ះពាល់បច្ចុប្បន្ន គឺជំងឺកូវីដ១៩។
អំណោយផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ម៉ាស់១ប្រអប់ សាប៊ូ សំលៀកបំពាក់់ ថវិកា១ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម ៕ អត្ថបទ : ព្រាប.ស





































