ខេត្តតាកែវ៖ នារសៀលថ្ងៃពុធថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានដឹកនាំសហការី និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការរងវរសេនាតូចនគរបាលកាពារព្រំដែនគោកលេខ៦០៣ លោកអធិការរងលោកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្មោង នៃអធិការដ្ឋាននគរបាលស្រុកទ្រាំងខេត្តតាកែវ។
អញ្ជើញចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ស៊ាម សារ៉ន អត្តលេខៈ៣៥៣៤៦ ឋានៈនាយរងប៉ុស្តិ៍ការពារព្រំដែនជ័យជោគ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ដែលទទួលមរណៈភាពថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយជំងឺប្រចាំកាយ(ដាច់សរសៃឈាម) ព្រមទាំងបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល) និងថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន៥០០.០០០៛ (ហាសិបម៉ឺនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានៈ អង្ករ៥០គីឡូក្រាម មីជាតិចំនួន ០២កេស ទឹកសុទ្ធចំនួន ០២កេស ទឹកត្រីចំនួន ០២យូរ ទឹកស៊ីអីវចំនួន ០២យូរ។ ដោយឡែកថវិកាតាមបណ្តាអង្គភាពចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវសរុបបានចំនួន ៥,៩៥៥,០០០៛ (ប្រាំលានកៅសិបប្រាំម៉ឺនប្រាំពាន់រៀល) ប្រគល់ជូនដល់លោកស្រី ព្រីង គឹមលី ត្រូវជាភរិយានៃសព ស្ថិតនៅភូមិកំពុងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ឪពុកដ៏ល្អ ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃល្អ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕






































